ព្រះអើយអាសូណាស់!អ្នកភូមិស្លាប់កើនឡើងដល់១១នាក់ និងកំពុងបញ្ជូនទៅមន្ទីរពេទ្យ៨០នាក់ទៀត
ខេត្តក្រចេះ ៖ បើយោងតាមរបាយការណ៍របស់អាជ្ញាធរនិងមន្ត្រីសុខាភិបាលខេត្តក្រចេះ ចុងក្រោយគិតត្រឹមព្រឹកថ្ងៃ អាទិត្យចំនួនប្រជាពលរដ្ឋដែលបានស្លាប់ដោយសារការពុលនៅខេត្តក្រចេះ នោះបានកើន រហូតដល់ទៅ១១នាក់ហើយ ខណៈអ្នករងគ្រោះដែលមានអាការៈ មិនស្រួលខ្លួន សរុបដល់ជាង៨០នាក់ហើយ ។
របាយការណ៍ខាងលើនេះ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៣ រហូតដល់ម៉ោង១១ព្រឹក ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១៨នេះ ករណីប្រជាពលរដ្ឋពុលទឹកនៅស្រុកចិត្របុរី ខេត្តក្រចេះ មានមនុស្សស្លាប់សរុប១១នាក់ ក្នុងនោះស្រី៥នាក់ ប្រុស៦នាក់និងអ្នកមានអាការៈមិនស្រួលកំពុងស្ថិងក្នុងការសង្គ្រោះ និងព្យាបាលសរុបចំនួន៨២នាក់ ដែលបាន បញ្ជូនមកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។
ក្រោយមានការភ្ញាក់ផ្អើលនេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងមន្រ្តីសុខាភិបាលខេត្តក្រចេះ បានចុះទៅដល់ភូមិកើតហេតុភ្លាមៗ ស្ថិតនៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី និងបន្តចុះសួរសុខទុក្ខអ្នករងគ្រោះ និងចុះទៅផ្ទះអ្នកស្លាប់ផងដែរ។
មន្រ្តីសុខាភិបាល មិនទាន់អាចបញ្ជាក់ថា ការពុលនេះ បណ្តាលមកពីបរិភោគអ្វីនោះទេ តែមានការសង្ស័យថា ពួកគាត់បរិភោគទឹកដងពីអូរ ដែលមានសារធាតុថ្នាំពុល។
សេចក្តីរាយការណ៍បញ្ជាក់ថា ជនរងគ្រោះបាន និងកំពុងជួយសង្គ្រោះពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត និងម្នាក់ បញ្ជូនមកសង្គ្រោះនៅភ្នំពេញ ប៉ុន្តែស្លាប់ ខណៈដែល មន្ត្រីជំនាញ និងអាជ្ញាធរ កំពុងស្វែងរកពីមូលហេតុ ដែល នាំឲ្យមានការពុលនេះ៕