នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កំពុងចាត់ការសំណុំរឿង លួចលក់ដីអ្នកដ៏ទៃជិត ៤ហិកតានៅស្រុកកៀនស្វាយ ខេត្តកណ្តាល
(ភ្នំពេញ)៖ បន្ទាប់ពីស្នើសុំបើកការស៊ើបសអង្កេតបឋមពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំៗ២០១៩នោះ មកដល់ពេលនេះ នគរបាលព្រហ្មទណ្ឌកំរិតស្រាល ក្រសួងមហាផ្ទៃ កំពុងតែចាត់ការលើករណី រំលោភលើទំនុកចិត្ត និងលួចលក់អចលនទ្រព្យរបស់អ្នកដទៃ។
យោងតាមលិខិតលេខ ១៩៦ សណ របស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃផ្ញើជូនលោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្នើសុំលោកព្រះរាជអាជ្ញា បើកការស៊ើបអង្កេតបឋម លើករណី រំលោភលើទំនុកចិត្ត និងលួចលក់អចលនទ្រព្យរបស់អ្នកដទៃ ទំហំជិត ៤ហិកតា ស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សូ បិនឡា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។
លិខិតដដែលនេះបាន រៀបរាប់ថា កាលពីអំឡុងឆ្នាំ២០១៦ នៅចំណុចសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ឈ្មោះ សូ បិនឡា បានខ្ចីប្រាក់ពីឈ្មោះ កើត ខេង ចំនួន ២ម៉ឺនដុល្លារ។ ក្រោយមកឈ្មោះ កើត ខេង និងឈ្មោះ ជា ឡង់ឌី បានប្រើឧបាយកលលួងលោមឈ្មោះ សូ បិនឡា ឲ្យធ្វើលិខិតផ្ទេរសិទ្ធិដីទំហំ ៣៧,៦១៧.៤៤ម៉ែត្រការ៉េស្ថិតនៅទីតាំងខាងលើ ឲ្យទៅពួកគេ ដោយប្រាប់ថា គ្រាន់តែផ្ទេរសិទ្ធិបណ្តោះអាសន្នតែប៉ុណ្ណោះ ដើម្បីធានាបំណុលខាងលើ។ ដោយការជឿទុកចិត្ត ទើបឈ្មោះ សូ បិនឡា ព្រមធ្វើតាមការលួងលោមរបស់ ឈ្មោះ កើត ខេង និងឈ្មោះ ជា ឡង់ឌី។
លុះដល់អំឡុងខែមិថុនា ឆ្នាំ២០១៩ នៅពេលឈ្មោះ សូ បិនឡា ព្យាយាមយកប្រាក់ដើមទៅសងឈ្មោះ កើត ខេង និងឈ្មោះ ជា ឡង់ឌី ដើមសុំដកប្លង់នោះវិញ ស្រាប់តែលោក នូ ប៊ន មេភូមិស្រែអំពិល ប្រាប់លោក សូ បិនឡា ថាដីនោះ ឈ្មោះ កើត ខេង និងឈ្មោះ ជា ឡង់ឌី បានលូចធ្វើប្លង់រឹងរួចហើយ។
សូមជម្រាបជូនថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្លាប់បានធ្លាប់បានកោះហៅ ឈ្មោះ កើត ខេង និងឈ្មោះ ជា ឡង់ឌី ឲ្យចូលខ្លួនឆ្លើយបំភ្លឺ លើករណីឈ្មោះ សូ បិនឡា នេះប្តឹងផងដែរ ប៉ុន្តែមានតែឈ្មោះ កើត ខេង ម្នាក់ប៉ុណ្ណោះដែលចូលឆ្លើយ ចំណែកឈ្មោះ ជា ឡង់ឌី មិនបានចូលខ្លួនឆ្លើយនោះទេ។
បើយោងតាមប្រភពពីមន្ត្រីនគរបាលព្រហ្មទណ្ឌ ករណីនេះមិនទាន់ចប់ឡើយ ដោយមន្ត្រីជំនាញអាចនឹងកោះហៅ ជនសង្ស័យទាំង ២នាក់គឺឈ្មោះ កើត ខេង និងឈ្មោះ ជា ឡង់ឌី ឲ្យចូលខ្លួនឆ្លើយជាលើកទី២។
ជុំវិញករណីនេះ ភាគីឈ្មោះ សូ បិនឡា បានអះអាងថា កាលពីអំឡុងឆ្នាំ២០១៦នោះ ខ្លូនបានយកដីដែលមានទីតាំងខាងលើទៅបញ្ចាំឲ្យឈ្មោះ កើត ខេង ដោយមានឈ្មោះ ជា ឡង់ឌី ជាសាក្សី។ នៅលើទី១ ឈ្មោះ កើត ខេង សន្យាប្រគល់ប្រាក់ឲ្យខ្លួន ចំនួន ៣៥,០០០ដុល្លារ និងលើកទី២ ចំនួន ៤២,៦១៧ដុល្លារ ប៉ុន្តែខ្លួនមិនបានទទួលជាលុយសុទ្ធនោះទេ គឺទទួលជារថយន្ត ព្រោះឈ្មោះ កើត ខេង អ្នករកស៊ីលក់រថយន្ត សុំដោះដូរជារថយន្តវិញ។
ភាគីឈ្មោះ សូ បិនឡា នៅតែអះអាងថា ដីនោះខ្លួនបានផ្ទេរសិទ្ធិទៅឈ្មោះ កើត ខេង ក្នុងការព្រមព្រៀងគ្នាថា ជាការតំកល់ជាមួយបំណុល មិនមែនជាការទិញលក់នោះទេ នៅពេលខ្លួនមានលុយទៅបង់ថ្លៃបំណុលដើម នោះឈ្មោះ កើត ខេង នឹងផ្ទេរសិទ្ធិដីនោះមកឲ្យវិញ ប៉ុន្តែផ្ទុយពីកិច្ចព្រមព្រៀងស្រាប់តែឈ្មោះ កើត ខេង យកដីនោះទៅធ្វើប្លង់រឹងយកជាកម្មសិទ្ធិតែម្តង។
ពាក់ព័ន្ធករណីនេះ លោក កើត ខេង បានប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទថា ដីខាងលើនេះ លោក បានទិញពីឈ្មោះ សូ បិនឡា ត្រឹមត្រូវតាមច្បាប់តាំងពីអំឡុងឆ្នាំ២០១៦ ដោយទិញចំនួន ២លើក ដែលក្នុងមួយលើកទិញទំហំ ជិត ២ហិកតា ក្នុងតម្លៃជាង ៧,៧
ម៉ឺនដុល្លារ និងទិញលើកទី២ ទំហំជិត ២ហិកតាទៀត ក្នុងតម្លៃជាង ៧,៧ម៉ឺនដុល្លារទៀត។ ដូច្នេះ លោកបញ្ជាក់ថា ការទិញទាំង ២លើកនេះ លោកបានចំណាយលុយអស់ប្រមាណជាង ១៥ម៉ឺនដុល្លារ ប៉ុន្តែឯកសារទិញលក់ និងប្រគល់ប្រាក់ថ្លៃដី លោកឲ្យទៅនគរបាលអស់ហើយ។ ក្រោយពីទិញដីនោះរួច លោកបានធ្វើប្លង់រឹកកាន់កាប់ និងប្រើប្រាស់អាស្រ័យផលរហូតមកដល់ពេលបច្ចុប្បន្ន។
ចំណែកលោក ជា ឡង់ឌី បានអះអាងប្រាប់អ្នកសារព័ត៌មានថា ករណីនេះ លោកគឺគ្រាន់តែជាសាក្សីនៃការទិញលក់ដី រវាងឈ្មោះ សូ បិនឡា និងឈ្មោះ កើត ខេង តែប៉ុណ្ណោះ លោកមិនបានដឹងរឿងអ្វីលើសពីនេះទេ។
លោក ជា ឡង់ឌី បន្ថែមថា ដោយសារតែ ឈ្មោះ សូ បិនឡា និងប្រពន្ធ បានបង្ហោះរូបភាពរបស់លោក ភ្ជាប់ជាមួយសារបង្កាច់បង្ខូចកិត្តិយសរបស់លោកផងនោះ លោកបានដាក់ពាក្យប្តឹងទៅតុលាការឲ្យជួយរកយុត្តិ
ធម៌ឲ្យរួចហើយ៕