រថយន្តពាក់ស្លាកលេខខេមរភូមិន្ទបុករុឺម៉កPass app រុញទៅផ្ទប់ជាមួយនឹងរថយន្តមួយគ្រឿងទៀតនៅផ្លូវ២៧១
ភ្នំពេញ៖ រថយន្ត ២គ្រឿងនិង Pass app មួយគ្រឿងបានរងការខូចខាត ខណៈបើកបរបុកគ្នានៅត្រង់ចំណុចស្តុបផ្លូវ ២៧១ កែងផ្លូវ ៤៣២ ក្នុងសង្កាត់ ទួលទំពូងទី ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយហេតុការណ៍នេះគឺបានកើតឡើងកាលពីវេលាម៉ោង ១២ និង ០០ នាទី រសៀលថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០១៩ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តFord ពណ៌ស មួយគ្រឿងបើកបរតាមបណ្ដោយផ្លូវ ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុកែងនឹងស្តុប ៤៣២ ក៏បានឈប់ស្តុប ស្របពេលនោះដែលមានរថយន្តពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងបើក បរស្របទិសគ្នាពីក្រោយ ក៏បានជ្រុលលឿនបុកជាមួយនិង Pass app ហើយរុញទៅបុកផ្ទប់ជាមួយរថយន្ត Ford បណ្ដាលឱ្យរងការខូចខាតទាំងសងខាង ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលមូលដ្ឋានក៏ដូចជាសមត្ថកិច្ចនគរបាលចរាចរណ៍ ខណ្ឌចំការមន បានចុះមកសហការគ្នាដល់ទីតាំងកើតហេតុនិងបានសម្របសម្រួលរវាងភាគីទាំងបីដើម្បីបញ្ចប់រឿងភ្លាមៗ ដោយភាគីខាងរថយន្តខេមរៈភូមិន្ទជាអ្នកចេញថ្លៃជួសជុលរថយន្ត Ford ១៥០ដុល្លារ នឹងថ្លៃជួសជុល Pass app ២០០ដុល្លារ ៕