Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចាញ់បាល់ច្រើនពេកបែកគំនិតចែញឆក់ត្រូវជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទេសម្នាក់ ដែលជិះម៉ូតូឡាំប៉ាតានៅតាមផ្លូវ តែមិនបានសម្រេច ក៏ដួលម៉ូតូត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច
ហេតុការណ៍ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង០៩:០៥នាទីយប់ថ្ងៃទី០៣ខែកក្កដាឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវលេខ១៦៣ កែងផ្លូវ៣៣០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យទី១៖ មានឈ្មោះ ពិសិទ្ធ អាយុ១៧ឆ្នាំ មុខរបរជាសិស្សរៀននៅសាលាទួលទំពូងថ្នាក់ទី១១B (អ្នកឆក់) និងជនសង្ស័យ ទី២៖ មានឈ្មោះ សុងហៀង អាយុ១៦ឆ្នាំ មុខរបរជួយលក់ដូរស្នាក់ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ) ។

យោងតាមសម្ដីបុរសរងគ្រោះដែលជាជនបរទេស បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បើកឡាំប៉ាតា ដឹកបុរសជនជាតិចិន ដែលជាភ្ញៀវ ទៅសណ្ឋាគារ ដោយធ្វើដំណើរពីជើងទៅត្បូង តាមផ្លូវ១៦៣ លុះមកចំណុចកើតហេតុ កែងផ្លូវ៣៣០ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពាក់ស្លាកលេខ ភ្នំពេញ 1GX-8079 បានជិះមកអែបពីចំហៀង រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីរូបគាត់ដែលកំពុងនិយាយទូរស័ព្ទ តែមិនបានសម្រេចឃើញដូច្នេះ គាត់ក៏បានកាច់ចង្កួតឡាំប៉ាតា កៀរម៉ូតូរបស់ជនសង្ស័យបណ្ដាលឲ្យដួល ហើយស្រែក ឆោឡោ ចោរៗផ្អើល ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនាំគ្នារត់មកជួយចាប់ឃាត់បានភ្លាមៗផងប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកគេទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន តែមិនបានសម្រេច ភ្លាត់ស្នៀតដួលម៉ូតូត្រូវគេចាប់បានតែម្ដង ។ ជនសង្ស័យដែលជាអ្នក បើកម៉ូតូ ឈ្មោះ សុង ហៀង អាយុ១៦ឆ្នាំ ក៏បានប្រាប់ ឲ្យដឹងថា នេះជាលើកទី ១ហើយ ក្រោយពីរូបគេទៅ ចាក់បាល់ World CUP តាម Online ហើយចាញ់ច្រើនពេក ទើបរូបគេបបួលគ្នាខ្ចីម៉ូតូមិត្តភក្តិម្នាក់ទៀត បែកគំនិតចេញឆក់ ដើម្បីបានស្រង់ដើមខ្លះ តែបែរជាមិនបានសម្រេច ហើយត្រូវប៉ូលិសឃាត់ខ្លួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសុំណំរឿងបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី ៕