វេជ្ជបណ្ឌិត យូ ស៊ីឡិ បំភ្លឺចំពោះករណីចោទលោកថា យកដីរដ្ឋធ្វើជាកម្មសិទ្ធិ គឺជារឿងមិនពិតឡើយ
ព្រៃវែង)៖ លោកវេជ្ជបណ្ឌិត យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិព្រះស្តេច ខេត្តព្រៃវែង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីស្រាយបំភ្លឺថា ការចុះផ្សាយថា រូបលោកបានយកដីរដ្ឋទំហំ ៣៩ម៉ែត្រ គុណនឹង ៩៣ម៉ែត្រ ធ្វើជាកម្មសិទ្ធិ នោះជារឿងមិនពិតនោះទេ។
យោងតាមលិខិតស្រាយបំភ្លឺរបស់ លោកវេជ្ជបណ្ឌិត យូ ស៊ីឡិ បានបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មាន អំពីករណីដី ស្ថិតនៅខាងជើងសាលាឃុំអង្គររាជ្យ ភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ចំនួន ៣ចំណុច ដូចខាងក្រោម៖
១- ចំពោះការចុះផ្សាយថា រូបខ្ញុំបាទ ជាប្អូនថ្លៃលោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងនោះ គឺមិនមែនជាការពិតនោះទេ។ រូបខ្ញុំបាទមិនមានជាប់សាច់ឈាមអ្វីជាមួយលោក សេង បញ្ញាឬទ្ធិ និងថ្នាក់ដឹកនាំខេត្តដទៃទៀត ដូចការចុះផ្សាយកន្លងមកនោះទេ។
២-ចំពោះការចុះផ្សាយថា រូបខ្ញុំបាទបានកាន់កាប់ដីរដ្ឋធ្វើជាកម្មសិទ្ធដោយស្រួល នោះជារឿងក៏មិនពិតដែរ ព្រោះដីនោះជាកម្មសិទ្ធិផ្ទាល់របស់រូបខ្ញុំបាទ ពុំមានពាក់ពន្ធ័ទៅ និងដីរបស់រដ្ឋឡើយ ហើយក៏មិនមានពាក់ពន្ធ័ និងមន្ទីរសុខាភិបាលខេត្តព្រៃវែង និងក្រសួងសុខាភិបាលដែរ។ រូបខ្ញុំបាទ បានសុំអាជ្ញារធរមូលដ្ឋានឃុំបានផ្តល់ជូនដីនេះសំរាប់រូបខ្ញុំបាទធ្វើជាកម្មសិទ្ឋិផ្ទាល់ខ្លួន និងបានរស់នៅលើដីនេះអស់រយៈពេល ១៣ឆ្នាំកន្លងមកហើយ។ ហើយម្យាងទៀតមណ្ឌលសុខភាពអង្គររាជ្យមានរចនាសម្ពន្ធដូចជា ទីតាំង អាគារ ធនធានមនុស្ស សំភារះ បរិក្ខាពេទ្យ គ្រប់គ្រាន់ មានទីតាំងនៅ ភូមិ ក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ហើយសព្វថ្ងៃបាននិងកំពុងបំរើសេវាសុខភាពជូនប្រជាពលរដ្ឋក្នុងឃុំអង្គររាជ្យយ៉ាងមម៉ាញឹក។
៣-ចំពោះការចុះផ្សាយថា ដីនោះទុកសម្រាប់សាងសង់មណ្ឌលសុខភាពអង្គររាជ្យ គឺមិនពិតទេ ដោយសារតែមណ្ឌលសុខភាពអង្គររាជ្យ ត្រូវបានសាងសង់រួចរាល់ហើយ តាំងពីអំឡុង ឆ្នាំ១៩៨៨ មកម្ល៉េះ។ រូបខ្ញុំបាទ បានមករស់នៅលើដីនេះអស់រយៈពេល ១៣ឆ្នាំមកហើយ ដោយមានការស្នើសុំ និងអនុញ្ញាតពីលោកមេឃុំ លោកអភិបាលស្រុក ត្រឹមត្រូវ។ រូបខ្ញុំបាន មកបំពេញការងារនៅកន្លែងនេះ អស់រយៈពេល ១៩ឆ្នាំមកហើយ គ្មានកន្លែងស្នាក់នៅទើបអាជ្ញាធរប្រគល់ដីនេះឲ្យរូបខ្ញុំស្នាក់នៅ និងកាន់កាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន និងបងប្អូនបណ្តាញសារព័ត៌មាន មេត្តាជ្រាបនូវការពិត៕