បុរសម្នាក់ខូចចិត្ដប្រពន្ធមានថ្មីនាំកូនស្រីទៅលោតទឹក
ភ្នំពេញ៖ បុរសម្នាក់ខូចចិត្ដប្រពន្ធមានប្ដីថ្មីនាំកូនស្រីទៅ លោតទឹកលើស្ពានជ្រោយចង្វារដើម្បីបញ្ចប់ជីវិត ប៉ុន្ដែសំណាងល្អជីវិតក្មេងស្រីមិនទាន់អស់ក៏ត្រូវបានអ្នកទូកនេសាទជនជាតិខ្មែរអ៊ីស្លាមជួយស្រង់ទាន់ ចំណែកឪពុកលិចបាត់ស្រមោល ។
ហេតុការណ៍ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង៦ និង ៣០នាទីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ឪពុកមានឈ្មោះ អៀង អាយុ៣០ឆ្នាំនិងកូនស្រីមានឈ្មោះ ហង្ស នីសា អាយុ៧ ឆ្នាំស្នាក់នៅជាមួយឪពុកម្ដុំផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុគេបាន ឃើញ បុរសម្នាក់បានដឹកដៃក្មេងស្រីម្នាក់ដើរឡើង លើស្ពានជ្រោយចង្វារហើយបានលោតចុះទៅក្នុងទឹក ជាមួួយក្មេងស្រីប៉ុន្ដែក្មេងស្រីត្រូវបានអ្នកទូរនេសាទ របស់ខ្មែរអ៊ីស្លាមឃើញជួយស្រង់ទាន់ ចំណែកឪពុកបានលិចបាត់ស្រមោល ភ្លាមៗប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចចុះដល់កន្លែងកើតហេតុក៏ បាននាំក្មេងស្រីដែលជាកូនយកប៉ុស្ដិ៍ដើម្បីសាកសួរ ។
បើតាមក្មេងស្រីរងគ្រោះអាយុ៧ឆ្នាំបាននិយាយប្រាប់សមត្ថកិច្ចថានៅវេលាម៉ោង៦ព្រឹកឪពុករបស់គាត់បាន ដឹកដៃគាត់ដើរមកស្ពានដើម្បីហាត់ប្រាណប៉ុន្ដែពេលមកដល់លើស្ពានឪពុកគាត់បានទាក់ដៃលោតចូលទៅក្នុងទឹកតែម្ដង ។
ក្រោយពេលសមត្ថកិច្ចធ្វើការសាកសួររួចក៏មានបុរស ម្នាក់ត្រូវជាអ៊ុំឈ្មោះ ហង្សរតនា អាយុ៣៦ឆ្នាំ មកសុំយកក្មេងស្រីត្រឡប់ទៅផ្ទះវិញ ដោយឡែកបុរសជាឪពុកសមត្ថកិច្ចកំពុងស្វែងរកបន្ត ៕