បើកម៉ូតូកង់បីឥណ្ឌាឆ្លងផ្លូវត្រូវរថយន្តដឹកគ្រឿងសង្ហារឹមបុករងរបួសធ្ងន់ពីរនាក់
ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងដឹកភ្ញៀវ បើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តហុីយ៉ាន់ដាយដឹកគ្រឿងសង្ហារឹមបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺចូលថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1IA-1867បើកបរដោយបុរសម្នាក់និងដឹកបុរសជាភ្ញៀវម្នាក់ទៀតដោយធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងមកផ្លូវ១៩៨៦ ខណៈកំពុងក៏មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ3B-4831 ដឹកគ្រឿងសង្ហារឹម បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀត ដោយធ្វើដំណើរបញ្ច្រាសទិសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ជាភ្ញៀវខ្ទាតចេញពីកង់បីប្រហែលជាង១០ម៉ែត្រទៅនឹងចិញ្ចើមផ្លូវរងរបួសធ្ងន់ ចំណែកម្ចាស់កង់បីក៏រងរបួសធ្ងន់ដូចគ្នា ភ្លាមៗត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទាំងពីរនាក់ ។ ចំណែករថយន្តបង្កព្យាយាមបើករត់គេចបានប្រហែល ៣០០ម៉ែត្រត្រូវប្រជាពលរដ្ឋដេញតាមចាប់បានទាំងអ្នកបើកបរនិងរថយន្តប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កនិងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕