Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

​រូបសំណាក​​​​​​​​​​​ព្រះនាងគង្ហីង ត្រូវបានអភិសេក ក្រោយពីធ្វើការផ្លាស់ប្តូរទីតាំង និងស្ថាបនារួចរាល់

ភ្នំពេញ​ ​៖​ រូបសំណាកព្រះនាងគង្ហីងដែលស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ៧មក ​រាជធានីភ្នំពេញ ក្រោយពីធ្វើការផ្លាស់ប្តូរទីតាំង និងស្ថាបនារួចរាល់ជាស្ថាពរ កាលពីរសៀលនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើពិធីអភិសេកជាផ្លូវការ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោ​កជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទ ​និងប្រជាពលរដ្ឋជាច្រើនទៀត។

រូ​បសំណាកនាងគង្ហីង ដែលពីមុននៅត្រង់រង្វង់មូលនាងគង្ហីង ហើយក្រោយមក ដោយបញ្ហាចរាចរណ៍បានរំកិលទៅ​ដាក់នៅក្បែររបងវត្តព្រះពុទ្ធមានបុណ្យ បន្ទាប់មកទៀត ក៏បានប្តូរមកទីតាំងថ្មីមួយទៀតនៅក្បែរគ្នានោះ មកដល់ពេលនេះបានបញ្ចប់ជាស្ថាពរហើយ ដែលរូបសំ​ណាកថ្មី និងទីតាំងថ្មីនេះ បានលើកសោភណ្ឌភាពរូបសំណាក់នាងគង្ហីង អោយខ្ពស់ជាង ស្ពានអាកាសថ្មើជើង ដែលនៅក្បែរគ្នានោះ។

​អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ធ្លាប់បានបញ្ជាក់ហើយថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរចរ ក៏ដូចជាការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអោយមានការ​ស្ថាបនា ស្ពានអាកាសថ្មើជើងនៅត្រង់ចំណុចរង្វង់មូលនាងគង្ហីង។ ប៉ុន្តែក្រោយពីការសាងសង់ស្ពានថ្មើរជើងនេះ បានធ្វើអោយរូបសំណាក់​ នាងគង្ហីង ទាបជាងតួស្ពាន ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចអោយមានការកែសម្រួលឡើងវិញ តាំងពីកំពស់ និងទីតាំង សំដៅធ្វើយ៉ាងណា ទាំងរូបសំណាកនាងគង្ហីង និងស្ពានអាកាសថ្មើជើ​ងត្រូវតែលេចឡើង ជាមួយនឹ​ងសោ​ភណ្ឌភាពស្រស់ស្អាត និងការគិតពីបញ្ហាលំហូរចរាច​រណ៍ផងដែរ ធ្វើយ៉ាងណាកុំអោយមានការកកស្ទះ ព្រោះថា រង្វង់មូលនាងគង្ហីងនេះ ធ្លាប់ត្រូវបានកែសម្រូលចរាចរណ៍ជាច្រើនលើករួចមកហើយ។

លោ​ក ពៅ ម៉េងហៃ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា រូបសំណាកនាងគង្ហីង ដែលបានស្ថាបនាឡើងថ្មី និងបានធ្វើពិធីអភិសេកជាផ្លូវការ នៅថ្ងៃនេះ មានលក្ខណៈធំជាង ថ្មីជាងមុន ដោយមានកំពស់៧ម៉ែត្រ៤៧ បាតក្រោម៦ម៉ែត្រ បាតក្រោមដល់រូបក្រពើកំពស់២ម៉ែត្រ៦១ ។ រូបសំណាកនាងគង្ហីង ត្រូវបានសាងសង់ឡើងពីថ្មភក់ នាំមកពីខេត្តព្រះវិហារ ដោយចាប់ផ្តើមសាងសង់ ពីខែមេសា ហើយបានបញ្ចប់នៅខែតុលា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា តាមប្រពៃណីទំនៀមទំលាប់របស់ខ្មែរ តែងតែប្រារព្វពិធីខាងលើនេះ ក្រោយពីបានសាងសង់សមិទ្ធិផលថ្មីណាមួយ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ចំរើនរុងរឿង ហើយសមិទ្ធិផលថ្មីមួយនេះ វាពិតជាបានរួមចំណែក លើកកំពស់ប្រពៃណី វប្បធម៌ជាតិ និងជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញផងដែរ៕