នគរបាលបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន២ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ៤នាក់ដកហូតថ្នាំញៀនជាច្រើនគីឡូ
ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បើកប្រតិបត្តការណ៍បង្ក្រាបទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ មួយកន្លែង នៅទីតាំងផ្ទះលេខ៤៧ ផ្លូវបេតុង ១១២ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាល ពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៩ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ លោក ឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួល ផែនការងារប្រឆាំងគ្រឿងញៀង រាជធានីភ្នំពេញនិងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និងដោយមានការសម្រប សម្រួលផ្លូវច្បាប់ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ក្នុងប្រតិបត្ថិការចុះបង្ក្រាបនេះកម្លាំងជំនាញឆែកឆេរ ទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ខាងលើ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ដកហូតថ្នាំញៀនមួយចំនួនធំ ។
សមត្ថកិច្ចបន្តថា ជនសង្ស័យប្រុសស្រីទាំង៤នាក់ដែលឃាត់ខ្លួនបាននៅចំណុចផ្ទះជួល សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៣ខែធ្នូឆ្នាំ២០១៩ ដកហូតវត្ថុតាង ៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន)ចំនួន ១០កញ្ចប់ធំ)។ លុះដល់ព្រឹកថ្ងៃទី៤ខែឆ្នូឆ្នាំ២០១៩បន្តមកឆែកឆេរនៅទីតាំងខាងលើរកឃើញ ៖
-ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់
-ក្រាមពណ៌ត្នោត ២០កញ្ចប់
-សារធាតុរាវ ៣៨ដប
-សារធាតុរាវពណ៌ខ្មៅ២៤ចានជ័រធំ (ក្លាសេក្នុងទូរទឹកកក០២)
-ឧបករណ៍ផលិតកែច្នៃគ្រឿងញៀនមួយចំនួន
-សារធាតុរាវពណ៌ស ១ប៊ីដុង
ក្រោយការបង្ក្រាបជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងដកហូតត្រូវបានប្រគល់ជួនមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាត់ការបន្តតាមនិតិវិធី ៕