មេធាវីម្នាក់ធ្លាប់រងបណ្តឹងទៅACUថាឈប់ការពារសិទ្ធិមន្ត្រីអង្គរក្សដែលក្លែងឯកសារដីបោកពលរដ្ឋទៀតហើយ
ភ្នំពេញ៖ លោកមេធាវី ខូវ ណារ៉ូ ដែលធ្លាប់ត្រូវបានពលរដ្ឋ ចំនួន ៦គ្រួសារប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ រឿងសូកប៉ាន់ តុលាការ និងមន្ត្រីសុរិយោដីខេត្តកំពត និងរឿងប្រើប្រាស់អាវុធ ដើម្បីជួយឲ្យកូនក្តីរបស់លោកឈ្មោះ ស៊ុន សៀង ជាមន្ត្រីកងអង្គរក្ស រួចផុតពីសំណាញ់ច្បាប់ ពាក់ព័ន្ធរឿង ឆបោក បានអះអាងថា លោកឈប់ការពារសិទ្ធិឲ្យឈ្មោះ ស៊ុន សៀង នេះតទៅទៀតហើយ។
លោកមេធាវីរូបនេះ បន្ថែមថា លោកបានបំពេញកាតព្វកិច្ចជាមេធាវី ការពារសិទ្ធិឲ្យកូនក្តីឈ្មោះ ស៊ុន សៀង នៅខេត្តកំពតនោះមែន ប៉ុន្តែរឿងនោះបានចប់សព្វគ្រប់ លោកឈប់ការពារសិទ្ធិឲ្យកូនក្តីឈ្មោះ ស៊ុន សៀង យូរហើយ ដូច្នេះរឿងតុលាការកាត់ទោសកូនក្តីលោក នៅសាលាឧទ្ធរណ៍ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះគឺលោកអត់ដឹងទេ។
សូមជម្រាបជូនថា ជនជាប់ចោទឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ជាមន្ត្រីកងអង្គរក្ស និងឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត នឹងត្រូវតុលាការសាលាឧទ្ធរណ៍ កាត់ទោស ២ សំណុំរឿង មាន ៤បទចោទប្រកាន់ ពាក់ព័ន្ធករណី ក្លែងឯកសារដីធ្លីជិត ១ម៉ឺនហិកតា នៅខេត្តកំពតដើម្បីឆបោកប្រាក់ពលរដ្ឋ ជិត១លានដុល្លារ។
គួរបញ្ជាក់ផងដែរថា លោកមេធាវី ខូវ ណារ៉ូ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅត្រូវបានពលរដ្ឋឈ្មោះ ជា សុខឃី និងឈ្មោះ ម៉ែន វណ្ណា ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយពាក់ព័ន្ធករណីរត់ការ សុំឲ្យតុលាការខេត្តកំពត ដោះលែងកូនក្តីរបស់លោកឈ្មោះ ស៊ុន សៀង នៅក្រៅឃុំ និងរឿងកាន់កាប់អាវុធ ម៉ាកឡុក ចំនួន ១ដើម និងម៉ាកប៉េរេតា ចំនួន១ដើម ដោយខុសច្បាប់។
ដោយឡែកបណ្តឹងទៅកាន់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមួយច្បាប់ទៀត មានពលរដ្ឋ៤គ្រួសារ រួមមានឈ្មោះ សុខ រិន ឈ្មោះ កែវ សុជាតិ ឈ្មោះ អៀង រស្មី និងឈ្មោះ អៀង ចាន់ដារ៉ា បានប្តឹងលោក មេធាវី ខូវ ណារ៉ូ ដដែលពាក់ព័ន្ធរឿង សូកប៉ាន់តុលាការខេត្តកំពតឲ្យតម្កល់រឿងឥតចាត់ការ ក្នុងករណីឆបោកដែលមានកូនក្តី ឈ្មោះ ស៊ុន សៀង រួមទាំងមានរឿង រ៉ាវរត់ការធ្វើឲ្យសំណុំរឿង មានភាពមិនប្រក្រតីជាច្រើនទៀតផងដែរ។
លោក ខូវ ណារ៉ូ បច្ចុប្បន្ន ជាមេធាវី នៃការិយាល័យមេធាវី KLSK LAW GROUP មានអាស័យដ្ឋាន ផ្ទះលេខ២៨៧ ផ្លូវសំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានថ្លែងប្រាប់តាមទូរស័ព្ទថា រឿងពលរដ្ឋប្តឹងលោកទៅអង្គភាពប្រឆាំងអំពើពុករលួយនោះ គឺលោកមិនបានប្រព្រឹត្តនោះទេ ហើយអង្គភាពប្រឆាំងអំពើពុករលួយក៏មិនបានកោះអញ្ជើញលោកទៅសួរនាំនោះទេ ប៉ុន្តែគណៈមេធាវីកម្ពុជាបានហៅលោកឲ្យទៅបំភ្លឺដែរពាក់ព័ន្ធនឹងពលរដ្ឋប្តឹងនេះ។
ដោយឡែកលោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានឲ្យដឹងថា ក្រោយទទួលដំណឹងថា លោកមេធាវី ខូវ ណារ៉ូ ត្រូវពលរដ្ឋប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយនោះ ក្រុមអធិការកិច្ច នៃគណៈមេធាវី បានស្រាវជ្រាវរកឃើញថា បណ្តឹងនោះជាបណ្តឹងអាណាមឹក មិនមានឈ្មោះ ដើមបណ្តឹង ទាំងអស់នោះនៅក្នុងសំណុំរឿង នោះទេ។
ទោះជាយ៉ាងក្តី លោក សួន វិសាល បានអំពាវនាវឲ្យមេធាវីទាំងអស់ គោរពច្បាប់ គោរពក្រមសីលធម៏វិជ្ជាជីវៈរបស់ខ្លួន និងខិតខំរៀនសូត្រអំពីច្បាប់ បន្ថែមដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។
ពាក់ព័ន្ធករណីពលរដ្ឋប្តឹង លោកមេធាវី ខូវ ណារ៉ូ ទៅអង្គភាពប្រឆាំងអំពើពុករលួយនេះ យើងមិនអាចសុំការបញ្ជាក់ពីលោក ឱម យិនទៀង ប្រធានអង្គភាពមួយនេះ ទាក់ទងនឹងការកោះហៅ ឬមិនកោះហៅមេធាវីរូបនេះ ទៅសាកសួរ បាននៅឡើយទេ ដោយសារលោកមិនដែលឆ្លើយតបសំនួររបស់អ្នកកាសែតដែលបានផ្ញើជូនតាម Telegram បើទោះជាលោកបានទទួលសំនួររួចហើយក្តី។
គួររំលឹកថា មេធាវីឈ្មោះ នូ ចន្ថា និងឈ្មោះ ថា សុភ័ក្ត្រ ជាក្រុមមេធាវីនៃការិយាល័យ មេធាវី អិន ស៊ី ធី មានទីតាំងផ្ទះលេខ៣០ អឺ១ ផ្លូវ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលការពារសិទ្ធិជនជាប់ចោទ ឈ្មោះ ស៊ុន សៀង និងឈ្មោះ ហេង សាន នៅដំណាក់កាលសាលាដំបូងរាជធានីភ្នំពេញ ក៏ធ្លាប់ត្រូវបានឈ្មោះ ព្រំ ផល្លី និងឈ្មោះ ព្រំ ចន្នី ជាសាច់ញាតិ ជនជាប់ចោទ ទាំងពីរនាក់ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ពាក់ព័ន្ធករណី ស៊ីដាច់លុយ ២៥,០០០ដុល្លារ ដើម្បីរត់ការដោះជនជាប់ចោទ មិនបានសម្រេចដូចការសន្យា។
ទោះជាយ៉ាងណា ដើមបណ្តឹងដែលត្រូវជនជាប់ចោទខាងលើឆបោកប្រាក់ និងអាជ្ញាធរ រួមទាំងពលរដ្ឋដែលត្រូវជនជាប់ចោទលួចក្លែងស្នាមមេដៃ ត្រា និងហត្ថលេខា សង្ឃឹមថា តុលាការសាលាឧទ្ធរណ៍ នឹងផ្តល់យុត្តិធម៌ជូនពួកគាត់ឲ្យបានត្រឹមត្រូវ ដោយផ្តន្ទាទោសជនជាប់ចោទឲ្យសមតាមអំពើដែលពួកគេបានប្រព្រឹត្ត មិនមែនដាក់ទោសស្រាលៗ ដើម្បីបើកឱកាសឲ្យជនខិលខូចទាំងអស់នេះឆាប់បានចេញពីគុកទៅដើរបោកប្រាស់ពលរដ្ឋដូចតុលាការក្រុងភ្នំពេញបានកាត់នោះទេ៕