លួចកាច់សោរ.ក ម៉ូតូមិនបានសម្រេចត្រូវនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចាប់វាយខ្នោះ
ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោរ.កម៉ូតូមិនបានសម្រេច
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០២ និង២០នាទីរសៀលថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវវេងស្រេង ចំណុចភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ុង បញ្ញា ភេទប្រុសអាយុ២៩ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងបុរីឡាយគង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
-ចំណែកជនរងគ្រោះមានឈ្មោះ ប៉ែន សុក្រនីនាថ ភេទស្រី អាយុ២០ ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
លោក ឯម ភារី បានបន្ដទៀតថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1BW-6596 ចេញពីផ្ទះមកក្រុមហ៊ុនដែលជាកន្លែងធ្វើការនៅក្នុងបុរីប៉េងហួត រួចទុកម៉ូតូនៅខាងមុខក្រុមហ៊ុនមុខ ស្រាប់តែមួយស្ទុះ ក្រោយមកក៏មានជនសង្ស័យម្នាក់ដើរទៅវិញទៅមក ហើយក៏បានដើរមកក្បែរម៉ូតូរួចបានធ្វើសកម្មភាពលួចកាច់សោរ.កម៉ូតូភ្លាមៗនោះសន្ដិសុខយាមក្នុងបុរីបានឃើញក៏ស្រែកឆោឡោធ្វើឲ្យជនសង្ស័យ ភយ័ស្លន់ស្លោរត់គេចខ្លួនតែត្រូវនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ដេញចាប់ឃាត់ខ្លួនបានយកមកធ្វើការសាកសួេតែម្ដង ។
នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់សោរ.កម៉ូតូជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕