រថយន្ដដឹកអ្នកដំណើររបស់ក្រុមហ៊ុន វ៉ាងរ៉ិចបុកជាមួយម៉ូតូស្លាប់មនុស្ស៣នាក់នៅស្រុកកៀនស្វាយ
កណ្តាល៖ យ៉ាងហោចណាស់មនុស្សចំនួន៣នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោច អធម៌ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន(វ៉ាង រ៉ិច)បើកលឿនមិនប្រយត្ន័បានបុកគ្នាជាមួយម៉ូតូ HONDA DREAM C125
ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៤៥នាទីយប់ថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ចំណុចភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ គេឃើញរថយន្តមួយគ្រឿងម៉ាកHYUDAI ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3C-8879ជារថយន្តរបស់ក្រុមហ៊ុន(វ៉ាងរ៉ិច)បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីអ្នកលឿងមកភ្នំពេញ ក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយត្ន័ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FZ-2335 ទិសដៅបញ្ច្រាស់គ្នា។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកម៉ូតូមានឈ្មោះ ង៉ោ គក ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ កោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកពត និងអ្នករួមដំណើរ០២នាក់ឈ្មោះផាន ចែម ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង និងឈ្មោះ សំ មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ជនរងគ្រោះទាំង៣នាក់ស្លាប់នៅនិងកន្លែងកើតហេតុ ។
សមត្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបរម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើករំលោភទៅលើចំណែកផ្លូវ ខាងរថយន្តដែលបើកមកពីទិសដៅផ្ទុយគ្នា ហើយរថយន្ត បើកបរ
មានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ចាប់ប្រាំងមិនទាន់ក៏ជ្រុលទៅបុកតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទំនាក់ទំនងជំនាញចុះវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះទាំង៣នាក់ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕