Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងប្តឹងប្រធាន និងអនុប្រធាន នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ចូលខុទ្ទការល័យ សម្តេចតេជោ ហ៊ុន សែន សុំអន្តរាគមន៍រកយុត្តិធម៌

ភ្នំពេញ៖ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩បានដាក់លិខិតសុំអន្តរាគមន៍ ចូលខុទ្ទការល័យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យសម្តេចជួយរកយុត្តិធម៌ ពាក់ព័ន្ធករណី មន្ត្រីជាន់ខ្ពស់ នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះអនុវត្តច្បាប់ខុសនីតិវិធី ក្លាយជាការយាយី ដល់អាជីវករដែលរកស៊ីស្របច្បាប់។
យោងតាម លិខិតសុំអន្តរាគមន៍ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ របស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង បានជម្រាបជូន សម្តេចតេជោ ហ៊ុន សែន ថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ហ៊ីម សុភ័ក្រ្ក មុខរបរ ពាណិជ្ជករ លក់គ្រឿងសម្អាង បានដាក់ពាក្យស្នើសុំសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ដើម្បីឲ្យជួយអន្តរាគមន៍ទៅស្ថាប័ន មានសមត្ថកិច្ចពិនិត្យ និងចាត់វិធានការចំពោះលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងមានគ្នាជិត ២០នាក់ ចុះអនុវត្តសាលក្រមព្រហ្មទណ្ឌស្ថាពរលេខៈ ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងសំណុំរឿងទណ្ឌលេខៈ ៥៣៤០ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីយកសម្ភារតុលាការសម្រេចរឹបអូសតាមអំណាចសាលក្រម ស្ថាពរ ដែលសមត្ថកិច្ចបានផ្ញើទុកនូវនឹងលោក អ៊ុច សម្បត្តិ ពីក្នុងផ្ទះរបស់លោកស្រី ហ៊ីម សុភ័ក្រ្ក អាសយដ្ឋានស្ថិតនៅផ្ទះលេខៈ ០៥ ផ្លូវធំភ្លោះ សង្កាត់ទទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយគ្មានការជូនដំណឹងជាផ្លូវការណាមួយដល់ម្ចាស់ផ្ទះ និងមិនមានការចូលរួមពីមន្ត្រី នៃសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីអាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ នោះទេ។
លិខិតដដែលនេះ បញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅលោកឧត្ដមសេនីយ៍ទោ ឡុង ស្រេង បានដឹកនាំកម្លាំង ចុះអនុវត្តសាលក្រមព្រហ្មទណ្ឌស្ថាពរលេខៈ ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ នៅទីតាំងផ្ទះលេខៈ ០១ ផ្លូវQ០៦ (បុរីប៉េងហួត) សង្កាត់ទទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ម្ដងរួចហើយ ។ នៅក្នុងការអនុវត្តនោះ លោកឧត្ដមសេនីយ៍ទោ ឡុង ស្រេង បានសម្រេចផ្ញើសម្ភារដែលតុលាការរឹបអូសក្រោយការអនុវត្តផ្ញើនៅនឹងឈ្មោះ អ៊ុច សម្បត្តិ ដើម្បីជួយរក្សាទុកជាបណ្ដោះអាសន្ន ក្រោមហេតុផលថា សមត្ថកិច្ចពុំទាន់មានកន្លែងទុកសម្ភារទាំងនោះ ដូចមានក្នុងកំណត់ហេតុអនុវត្ត ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ (ពុំបានកំណត់ទីតាំងរក្សាទុក)។
ក្រោយមកលោក អ៊ុច សម្បត្តិ បានយកសម្ភារដែលតុលាការរឹបអូសខាងលើ ទៅផ្ញើបន្តនៅនឹងផ្ទះរបស់លោកស្រី ហ៊ីម សុភ័ក្ដ្រ ជាបណ្ដោះអាសន្ន ដើម្បីរងចាំលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង មកទទួលយកទៅរក្សាទុកនៅទីតាំង របស់សមត្ថកិច្ច។
ស្រាប់តែនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ជាប្រធាន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងរបស់ខ្លួនចូលរុះរើស និងដឹកសម្ភារទាំងនោះ ចេញពីក្នុងផ្ទះរបស់លោកស្រី ហ៊ីម សុភ័ក្ដ្រ ដោយពុំបានជូនដំណឹងដល់លោក អ៊ុច សម្បត្តិ និងភាគីម្ចាស់ផ្ទះឈ្មោះ ហ៊ីម សុភ័ក្រ្ក ឲ្យត្រឹមត្រូវតាមច្បាប់ជាមុនឡើយ។ លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង ព្រមទាំងបក្ខពួក បានគម្រាមវាយខ្នោះ និងចាប់ លោក អ៊ុច សម្បត្តិ និងម្ចាស់ផ្ទះឈ្មោះ ហ៊ីម សុភ័ក្រ្ក ដាក់គុកជាច្រើនលើកច្រើនសារទៀតផង។
គួរបញ្ជាក់ថា ទីតាំង នៃការអនុវត្តសាលក្រមព្រហ្មទណ្ឌលេខៈ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ នៅចំណុចផ្ទះលេខ០១ ផ្លូវQ០៦ (បុរីប៉េងហួត) សង្កាត់ទទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចំណែកទីតាំងផ្ទះដែលមាន លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានដឹកនាំកម្លាំង ចុះទៅរុះរើ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ០៥ ផ្លូវធំភ្លោះ សង្កាត់ទទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គឺជាកម្មសិទ្ធិរបស់លោកស្រី ហ៊ីម សុភ័ក្រ្ក ជាទីតាំងផ្ញើបណ្ដោះអាសន្ន(ខុសទីតាំង ខុសខណ្ឌ)។ ដូច្នេះ នៅមុនពេលចុះទៅរុះរើ និងដឹកជញ្ជូនសម្ភារដែលតុលាការរឹបអូសលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង គួរតែជូនដំណឹងដល់ភាគីទទួលបញ្ញើ និងភាគីម្ចាស់ផ្ទះឲ្យបានដឹងជាមុនតាមនីតិវិធីច្បាប់។