សាហាវណាស់!! ជនសង្ស័យមួយក្រុមមានគ្នាប្រហែល៧នាក់ ដេញវាយយុវជន២នាក់ បណ្ដាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់
ភ្នំពេញ៖ អាសូរ បុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង យ៉ាងអាណោច អធម៌និងម្នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីជនសង្ស័យមួយក្រុមមានគ្នា៦ទៅ៧នាក់ជិះម៉ូតូដេញវាយបណ្ដាលឲ្យដួល
ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ត្រង់ចំណុច មុខស្ថានទូតថៃ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់ និងអ្នករងរបួសធ្ងន់ខាងលើនៅមិនស្គាល់អត្តសញ្ញាណនៅឡើយទេ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ប៊ុិច ពាក់ស្លាកលេខ ពោធិ៍សាត់1I-8728ជិះឌុបគ្នាតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន និងមានមនុស្សមួយក្រុមជិះម៉ូតូ២ទៅ៣គ្រឿងបានដេញតាមពីក្រោយហើយវាយទៅលើយុវជនរងគ្រោះខាងលើ ធ្វើឲ្យយុវជនទាំង២នាក់ដួល ម្នាក់បោកក្បាលនិងថ្នល់ហូរឈាមស្រោចខ្លួនស្លាប់ភ្លាមៗនៅនិងកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់ ហើយក្នុងនោះក៏មានកាំភ្លើងខ្លីមួយដើមបានធ្លាក់នៅកន្លែងកើតហេតុផងដែរតែមិនដឹងថាជាកាំភ្លើងរបស់ជនរងគ្រោះ ឬក៏កាំភ្លើងជនបង្កនោះទេ។
ប្រភពបានបន្តថា បន្ទាប់ពីបង្កហេតុភ្លាមៗក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ដោយមិនដឹងថា ពួកគេមានបញ្ហាអ្វីជាមួយគ្នាឲ្យពិតប្រាកដនោះទេ ។ចំណែកជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះជីវិត ។
ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានចុះមកដល់និងបានធ្វើកំណត់ហេតុយកម៉ូតូទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលទន្លេបាសាក់ ជាបណ្ដោះអាសន្ន ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានឲ្យរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕