Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆក់កាបូបស្ពាយយកលុយជិត៥ពាន់ដុល្លារ រត់គេចបាត់ម្នាក់​ ឯម្នាក់ទៀតជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រី៣នាក់ម្ដាយនិងកូនកំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលឲ្យដួលទាំងសងខាង រួចជនសង្ស័យម្នាក់បានងើបយកកាបូបស្ពាយដែលមានលុយសរុបជិត​៥ពាន់ដូល្លាររត់គេចខ្លួនបាត់ រីឯបក្ខពួកម្នាក់​ទៀតត្រូវជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១៩ និង១៥នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខខ្លោងទ្វារវត្តគោកខ្សាច់ ស្ថិតនៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ន មុំ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ជនជាតិខ្មែរ ទីលំនៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជនសង្ស័យមានសារធាតុញៀន)។
ដោយឡែកវត្ថុតាងចាប់យករួមមាន៖​ ម៉ូតូ​០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HZ-9684​ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៩និង១៥នាទី ជនរងគ្រោះឈ្មោះ ម៉ន មុំ ភេទស្រី អាយុ៣២ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកគុបជ្រុង ពណ៌ខៀវ ឌុបម្តាយបង្កើតឈ្មោះ ចាន់ ម៉ៅ អាយុ៥១ឆ្នាំ និងប្អូនស្រីបង្កើតឈ្មោះ ម៉ន ចង្រឹត ភេទស្រី អាយុ២៤ឆ្នាំ ពីស្រុកកណើតស្ថិតនៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ មកបន្ទប់ជួលស្ថិតនៅភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះធ្វើដំណើរតាមផ្លូវជាតិលេខ៣ពីត្បូងទៅជើង ដល់ចំណុចមុខខ្លោងទ្វារវត្តគោកខ្សាច់ ស្ថិតនៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌ​
ដ​ង្កោ រាជធានីភ្នំពេញ ក៏មានជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ២០ឆ្នាំ ទី០២ឈ្មោះ ទិត តឹប ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HZ-9684 ហើយជនសង្ស័យឈ្មោះ ទិត តឹប បានបើកម៉ូតូទៅអែបខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យឈ្មោះ កែវ ចំរើន អង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីឈ្មោះ ចាន់ ម៉ៅ (ម្តាយរបស់ជនរងគ្រោះ) តែឆក់ទាញមិនបានធ្វើឱ្យជនសង្ស័យ និងជនរងគ្រោះដួលម៉ូតូទាំង០២គ្រឿង រួចជនសង្ស័យឈ្មោះ ទិត តឹប ក៏បានស្ទុះទៅឆក់យកកាបូបស្ពាយ ដែលមានលុយខ្មែរចំនួន៣៥០០០០០រៀល (បីលានហាសិបម៉ឺនរៀល) និងលុយដុល្លារចំនួន៤២០០ដុល្លារ (បួនពាន់ពីររយដុល្លារអាមេរិក) ពីឈ្មោះ ចាន់ ម៉ៅ ហើយរត់គេចខ្លួនបាត់ ។ ចំណែកជនសង្ស័យឈ្មោះ កែវ ចំរើន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានរួមនិងវត្ថុតាង ម៉ូតូម៉ាកខាងលើ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលពងទឹកតាមនីវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ កែវ ចំរើន បានឆ្លើយសារភាពប្រាប់សមត្ថកិច្ច យើងថា រូបគេ និងឈ្មោះ ទិត តឹប ពិតជាបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយដែលមានលុយចំនួនខាងលើ របស់ជនរងគ្រោះឈ្មោះ ម៉ន មុំ រួចជនសង្ស័យឈ្មោះ ទិត តឹប បានយកកាបូបស្ពាយនោះរត់គេចខ្លួនតែម្នាក់ឯង ប្រាកដមែន ហើយជនរងគ្រោះឈ្មោះ ម៉ន មុំ ក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០២នាក់ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕