នគរបាលខណ្ឌទួលគោកឆ្មក់បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម ឃាត់ខ្លួនអ្នកកត់និងអ្នកចាក់បាន៣នាក់
ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោ បានសហការជាមួយ គណ:បញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោក បុត្រ សុភា នាយករងរដ្ឋបាលខណ្ឌ និងក្រោមការសម្របសម្រួលពីលោក រៀល សុភិនព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប ទីតាំងលេងល្បែងសុីសងខុសច្បាប់ (ឆ្នោតវៀតណាម) ដោយឃាត់ខ្លួនមនុស្សចំនួន៣នាក់និងវត្ថុតាងមួយចំនួនទៀត។
ប្រតិបត្តការណ៍បង្ក្រាបនេះបានធ្វើឡើងកាលវេលាម៉ោងប្រហែល ០៤និង០០នាទីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៧A ផ្លូវលេខ៣៣៦ ក្រុមទី៣ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ លីម ស្រីពៅ ហៅ ពៅ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កត់ឆ្នោត ស្នាក់នៅផ្ទះជួលមិនស្គាល់លេខផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ (ជាភ្នាក់ងារស៊ីសង)។
២-ឈ្មោះ វុធ ពិទូ ភេទប្រុស ស្នាក់នៅផ្ទះលេខ២១០ ផ្លូវលេខ៣៣៦ ក្រុមទី៤ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) ។
៣-ឈ្មោះ ស្រេង ឡៃ ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក អនាម័យ សណ្ឋាគារឈូកទិព្វ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៩៧ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) ។
សមត្ថកិច្ចបន្តថា វត្ថុតាងចាប់យកមាន៖
-ក្រដាសកត់ឆ្នោតវៀតណាមរួចចំនួន០២សន្លឹក,ម៉ាស៊ីនគិតលេខម៉ាក Casio ចំនួន០១គ្រឿង,លុយខ្មែរចំនួន២៩៥.០០០៛ (ម្ភៃប្រាំបួនមុឺនប្រាំពាន់រៀល) , ក្រដាសសំរាប់កត់ឆ្នោតមួយចំនួន , លទ្ធផលចេញឆ្នោតវៀតណាមរួចដាច់ជាពីរកំណាត់មួយចំនួន , ក្រដាសកាគារចំនួន០២សន្លឹក និងទូរស័ព្ទដៃម៉ាកI phone 7 plus ពណ៌ផ្កាឈូក ១គ្រឿង។
បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕