Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចាប់ខ្លួនជនសង្ស័យ៧នាក់បន្ថែមទៀតនៅ​ខេត្តព្រះសីហនុ​ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស និងនាំចូលអាវុធដោយខុសច្បាប់

ព្រះសីហនុ៖​ កម្លាំងនគរបាលខេត្តព្រះសីហនុ​ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់បន្ថែមទៀត​បន្ទាប់ពីចាប់ខ្លួនជនជាតិចិន៧នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស និងនាំចូលអាវុធដោយខុសច្បាប់ នៅខេត្តព្រះសីហនុ​ ។
ក្រោយកម្លាំងនគរបាលជំនាញ បានបន្ដ​ស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ៧​នាក់ បន្ថែមទៀត ក្នុងនោះជនជាតិចិន៣នាក់ និងខ្មែរ៤នាក់ ពាក់ព័ន្ធករណីខាងលើ​ ។

ប្រតិបត្តិការណ៍ចាប់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៩នេះក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាល​ នៃ​ គណៈអភិបាលខេត្តព្រសីហនុ​ ដោយមានការ​ សម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

សមត្ថកិច្ចបានឲ្យដឹងថា​ ​កាលពីថ្ងៃទី១៣-១៤​ខែ​​ធ្នូ ឆ្នាំ២០១៩​ ដោយកម្លាំងជំនាញតាមចាប់ជនសង្ស័យនៅរាជធានីភ្នំពេញ​ និងនៅក្រុងព្រះសីហនុ​បានជាបន្តបន្ទាប់សរុបចំនួន៧​នាក់ បន្ថែម​ទៀតក្នុងនោះ(ជនជាតិខ្មែរ៤​នាក់​,ជនជាតិចិន៣នាក់ ស្រីម្នាក់) ព្រមទាំងចាប់យកវត្ថុតាង កាំភ្លើ​ង​៥ដើម​(កាំភ្លើងវែង​១ដើម​និងកាំភ្លើងខ្លី៤ដើម)និងគ្រាប់រំសេវមួយចំនួនទៀត។​ និង​វត្ថុតាងចាប់យកបានរួមមាន៖ កាំភ្លើងវែង AK47 ១ដើម, កាំភ្លើងខ្លី៤ដើម (ម៉ាកGLOCK17 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 KILLER ១ដើម ពណ៌ខ្មៅ និងម៉ាកK59 ១ដើម ពណ៌ខ្មៅ, បង់កាំភ្លើងប្រភេទ១៥គ្រាប់ ចំនួន៤បង់, បង់កាំភ្លើងប្រភេទ៣០គ្រាប់ ចំនួន២បង់ (ថ្មីមិនទាន់ហែកប្រើ), គ្រាប់កាំភ្លើង១៨១គ្រាប់ (គ្រាប់ប្រភេទ៩mm ចំនួន៦៦គ្រាប់, គ្រាប់ប្រភេទ K59 ចំនួន៥គ្រាប់), រឺស័របង់កាំភ្លើងចំនួន២ (ថ្មីមិនទាន់ហែកប្រើ)តួកាំភ្លើងម៉ាក GLOCK ចំនួន១ និងគ្រឿងបន្លាស់កាំភ្លើងមួយចំនួន (សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាក GLOCK ធម្មតា ទៅជាអូតូរ៉ាស់ហ្វាល់) និងម៉ាស៉ីន​ស្វាន​១គ្រឿង និងគ្រឿងបន្លាស់១ប្រអប់។

សូមរំលឹកថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩​កន្លងទៅ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់​ខ្លួនបានជនសង្ស័យ ជនជាតិចិនចំនួន​៧នា​ក់ ដែលជាប់ពាក់ព័ន្ធ ករណីចាប់ឃុំឃាងបង្ខាំងមនុស្សខុសច្បាប់, ផ្តល់ទីតាំងប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ និងនាំចូលអាវុធ ដោយគ្មានការអនុញ្ញាតិ នៅចំណុចផ្ទះសំណាក់ស៊ែងឆីង ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ព្រមទាំងដកហូតបានកាំភ្លើងខ្លីចំនួន២ដើម, កាំភ្លើងវែង១ដើម (M16) គ្រាប់កាំភ្លើង និងគ្រឿងញៀនមួយចំនួនធំ។

បច្ចុប្បន្ន​ ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅ​សាលាដំបូងខេត្តព្រះសីហនុ​ ចាត់ការបន្ត៕