សិស្សសាលាចំនួន១៥នាក់ នៅវិទ្យាល័យ អូរសំព័រ ដួលសន្លប់បង្កការភ្ញាក់ផ្អើល
បន្ទាយមានជ័យ៖ សិស្សសាលាជាច្រើននាក់ដែលកំពុងតែរៀនសុខៗ នៅវិទ្យាល័យ អូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានដួលសន្លប់ជាបន្តបន្ទាប់ ហើយភ្លាមៗនោះត្រូវបានលោកគ្រូអ្នកគ្រូ ដឹកយកមកសង្គ្រោះបន្ទាន់នៅតាមគ្លីនិកឯកជននិងមន្ទីរពេទ្យរដ្ឋ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ល្ងាចថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩ ទើបបានធូរស្រាល និងសិស្សមួយចំនួនធំបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងនៅល្ងាចថ្ងៃទី១៧ខែឆ្នូម្សិលមិញ។
លោកអធិការបានបន្តថា៖សិស្សដែលដួលសន្លប់ទាំងនោះសុទ្ធសិស្សស្រី ពុំមានប្រុសនោះទេ! មានឈ្មោះ១/-សុខ ស្រីយួន រៀននៅថ្នាក់ទី៩ A,២/-ជា ប៉ីយបីយ រៀនថ្នាក់ទី៨ A,៣/-ស្រៀវ សម្ភស្សរៀនថ្នាក់ទី១០ A ,4/-ម៉ម សំពីសី រៀនថ្នាក់ទី១១ A, ៥/-សៀន សុខា រៀនថ្នាក់ទី៨ A, ៦/-ជុំ ដា រៀនថ្នាក់ទី៧C,៧/-ឃៀង ស្រីណាន់ រៀនថ្នាក់ទី៩A,៨/-ណង នីតា រៀនថ្នាក់ទី១០ A,៩/-រ៉េន ស្រីនិច រៀនថ្នាក់ទី៧ A,១០/-ណន ស្រីអន រៀនថ្នាក់ទី៧B,១១/-សុង នីសា រៀនថ្នាក់ទី៧B,១២/-ថោ សៀវថុង រៀនថ្នាក់ទី៧B,១៣/-ស៊ុន សៃអេង រៀនថ្នាក់ទី១០A,១៤/-ភារុន គឹមអេង រៀនថ្នាក់ទី១០A,១៥/-សាវុន នីហ្សា រៀនថ្នាក់ទី៨B ។
លោកអធិការបានបញ្ជាក់ថា៖ តាមការឲ្យដឹងពីលោកគ្រូពេទ្យនិយាយថា៖ ការដែលសិស្សដួលសន្លប់ទាំង១៥នាក់នោះគឺបណ្តាលមកពីសុខភាពរបស់ពួកគេខ្សោយ ស្របពេលថ្ងៃនោះធាតុអាកាសក្តៅ ខុសពីធម្មតានៅក្នុងអគារជាន់ទី៣ ក៏បណ្តាលឲ្យសិស្សទាំង១៥នាក់ ដួលសន្លប់ មិនមានការពុលចំណីអ្វីនោះឡើយ។ ក្រោយមានហេតុការណ៍ក៏ត្រូវបានលោកគ្រូ អ្នកគ្រូ និងកងកម្លាំងនគរបាលរួមទាំងប្រជាពលរដ្ឋ បាននាំយកទៅសង្រ្គោះមបន្ទាន់ទៅមណ្ឌលសុខភាព និងគ្លីនិកឯកជន ខណៈមកទល់ល្ងាចថ្ងៃដដែលមានសិស្សតែ២នាក់ទេ នៅសម្រាកបន្តនៅក្នុងមណ្ឌលសុខភាពម្នាក់និងម្នាក់ទៀតនៅគ្លីនិកឯកជន ក្រៅពីនោះគឺបានវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ ៕