Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តដឹកដីក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀមុី កំពុងធ្វើអោយពលរដ្ឋរស់នៅខណ្ឌដង្កោក្តៅក្រហាយយ៉ាងខ្លាំង

MC ៖ ដោយសារតែទ្រាំមិនបានទៅនិងសកម្មភាពដឹកដីបំផ្លាញផ្លូវសាធារណៈ និងប៉ះពាល់បរិស្ថាន ប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោ បានប្រតិកម្ម សម្រេចចិត្តលើកគ្នាបិទផ្លូវមិនអោយក្រុមរថយន្តដឹកដី ក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀមុី និងក្រុមហ៊ុន ៣ទៅ៤ផ្សេងទៀត មិនអោយបើកបរឆ្លងកាត់ក្នុងភូមិរបស់ពួកគាត់បន្តទៀត ។
បាតុភាពផ្ទុះការបិទផ្លូវមិនអោយ រថយន្តដឹកដី ក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀមុី និងក្រុមហ៊ុន ៣ទៅ៤ទៀត មិនអោយបើកបរឆ្លងកាត់ក្នុងភូមិរបស់ប្រជាពលរដ្ឋនេះ កើតឡើង កាលពីវេលាម៉ោងប្រមាណ ៩ ព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ​ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មន្ត្រីអាជ្ញាធរសាលាសង្កាត់សាក់សំពៅប្រាប់អោយដឹកថា ម្ចាស់ក្រុមហុ៑នធំៗ ដែលមានរថយន្តដឹកដីធ្វើអោយផ្លូវខូចខាតសាធារណៈ និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ចំនួន ២ ក្រុមហ៊ុន រួមមាន ក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀមុី និងមាន ៣ទៅ ៤ក្រុមហុ៑នផ្សេងទៀតផងដែរ បច្ចុប្បន្នកំពុងបើកបរដឹកដីរថយន្តដឹកដីឆ្លងកាត់មូលដ្ឋានខណ្ឌដង្កោ ។

ដោយឡែកបើតាមសម្តីប្រជាពលរដ្ឋដែលឈរបិទផ្លូវបានអោយដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ពិបាកក្នុងការរស់នៅណាស់ ដោយសារមួយថ្ងៃៗឃើញរថយន្តដឹកដីជាច្រើនគ្រឿង បានបើកបរឆ្លងកាត់ក្នុងភូមិគាត់ក្នុងល្បឿនលឿនៗ ហើយហុយដី ពេលខ្លះហូបបាយស្ទើរមិនកើត ពីព្រោះដីហុយខ្លាំងពេក ។

ដោយសារបញ្ហានេះប្រជាពលរដ្ឋសំណូមពរ​អាជ្ញាធរខណ្ឌដង្កោ មេត្តាជួយណែនាំក្រុមហុ៑នដឹកដីទាំងអស់នោះ កុំអោយបើកបរ​រថយន្តលឿនៗពេក ហើយត្រូវគ្របអោយបានត្រឹមត្រូវ ជាពិសេស សូមជួយស្រោច​ទឹកនៅលើដងផ្លូវអោយញឹកញាប់ផង ដើម្បីកុំអោយដីហុយទ្រលោមបែបនេះទៀត ។

នាព្រឹកថ្ងៃដដែលនោះ ក្រោយពីមានផ្ទុះបាតុភាពបិទផ្លូវបែបនេះលោក ជរ គឹមស៊រ អភិបាលរងខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះអន្តរាគមន៍សម្របសម្រួលជាមួយប្រជាពលរដ្ឋនឹងបានសម្រេចផ្អាកការដឹកជញ្ជូនដីមួយរយះសិន ដើម្បីរកដំណោះស្រាយណាមួយអោយសមស្រប ទើបអនុញ្ញាតអោយក្រុមហ៊ុនដឹកដីទាំងអស់នោះ បន្តអាជីវកម្មបន្តទៀត ។

គួររំលឹកអោយដឹងថា រថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម ជាច្រើនគ្រឿង ក៍ត្រូវបានអាជ្ញាធរខណ្ឌដង្កោដាក់កម្លាំងឃាត់មិនអោយបើកបរ កាលពីរសៀលថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩ ដោយសារតែក្រុមរថយន្តដឹកសារធាតុរ៉ែទាំងនេះ បើកបរឆ្លងកាត់មូលដ្ឋានខណ្ឌដង្កោ ធ្វើអោយប៉ះពាល់បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់គងនយ ខណ្ឌដង្កោ ទើបលោក នុត ពុធដារ៉ា អតីតះ អភិបាល នៃគណអភិបាលខណ្ឌដង្កោ បញ្ជាមន្ត្រីជំនាញ និង កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌដង្កោ និង អាជ្ញាធរសង្កាត់គងនយ ដាក់កម្លាំងឃាត់មិនអោយក្រុមរថយន្តទាំងនេះ បើកបរឆ្លងកាត់មូលដ្ឋានខណ្ឌដង្កោតែម្តង ពីព្រោះថា ក្រុមរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម ទាំងអស់នេះ បើកបរចេញពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយបើកបរឆ្លងកាត់សង្កាត់គងនយ បន្តទៅចាក់បំពេញដីឡូត៍ ឬ ទីតាំងការដ្ឋានផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែក្រុមរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម ទាំងនេះ ធ្វើអោយប៉ះពាល់បរិស្ថានទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់គងនយ ដូចជា បើកក្នុងល្បឿនលឿនៗ មិនស្រោចទឹកផ្លូវ ធ្វើអោយដីហុយទ្រលោម ក៍ដូចជា បណ្តាលអោយខូចផ្លូវជាដើម ។

ប្រភពព័ត៍មានប្រាប់អោយដឹងថា ក្រោយពីមានការបិទផ្លូវបែបនេះ តំណាងក្រុមហ៊ុន ដឹកដី ដឹកថ្ម ដឹកខ្សាច់ទាំងនេះ បានចេញមុខធ្វើការដោះស្រាយដោយសន្យាធ្វើការជួសជុលផ្លូវ ស្រោចទឹកជាប្រចាំ និង បន្ថយ​ល្បឿនក្នុងការបើកបរ ។

កិច្ចសន្យានេះ ត្រូវបានបញ្ចប់នាវេលាម៉ោងប្រមាណ ១០ ព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ ដោយមានតំណាងលោក លី គឹមហេង ជំនួសក្រុមហ៊ុន រថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ ប្រចាំស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រមាណ ៤ ក្រុមហ៊ុន ចូលខ្លួនដោះ​ស្រាយ ទើបអាជ្ញាធរខណ្ឌដង្កោ យល់ព្រមអនុញ្ញតិអោយក្រុមរថយន្តដឹកសារធាតុរ៉េទាំងនោះបើកបរជាធម្មតាវិញ ។

សូមបញ្ជាក់អោយដឹងថា នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នកំពុងកើតមានរណ្តៅដី ការដ្ឋានបូមខ្សាច់ជាច្រើនកន្លែង កំពុងបើកអាជីវកម្ម ដឹកជញ្ជូន ១ថ្ងៃៗ រាប់សិបឡាន ហើយក៍តែងតែបង្កផល​ប៉ះពាល់បរិស្ថានយ៉ាងខ្លាំងផងដែរ ទៅដល់មូលដ្ឋានខេត្តកណ្តាលខ្លួនឯងផ្ទាល់តែម្តង រហូតឈានមកដល់ខណ្ឌដង្កោទៀតផង ។ ប៉ុន្តែទោះបីយ៉ាងណាក្តី អាជ្ញាធរខណ្ឌដង្កោមិននៅស្ងៀមនោះទេ គឺអោយតែមានផល​លំបាក អាជ្ញាធរខណ្ឌតែងតែជួយដោះ​ស្រាយជានិច្ច ជាក់ស្តែង ដូចជា បញ្ហាក្រុម​រថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម នេះជាដើម ៕