សង្ស័យភ្លើងប្រចណ្ឌ័! កូនប្រុសអធិការនគរបាលក្រុងបាវិត ដកកាំភ្លើងបាញ់ថៅកែហាងសំណាងអាណេរបួសធ្ងន់
ស្វាយរៀង៖ លោក កែវ ចិត្រា ដែលគេបានស្គាល់ថា ជាកូនប្រុសបង្កើត របស់ លោក កែវ គង់ អធិការនគរបាលក្រុងបាវិត ផឹកស្រាស្រវឹងដកកាំភ្លើងខ្លីបាញ់ ម្ចាស់ហាង ផឹកស៊ី យីហោ សំណាង អាណេ រងរបួសធ្ងន់
ហេតុការណ៍ភ្ញាក់ផ្អើលគួរឱ្យរន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង០៦និង១០នាទីល្ងាចថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចហាង ផឹកស៊ីយីហោ សំណាងអាណេ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
-ជនរងគ្រោះដែលជាម្ចាស់ហាងមានឈ្មោះ សឿន ដាណេ ភេទស្រីអាយុ៣៨ឆ្នាំ រស់នៅភូមក្រាំងអាត់ឃុំកំពង់សីលាស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានខ្មាន់កាំភ្លើង បាញ់ (ចំក្បាល)រងរបួសធ្ងន់ ភ្លាមៗត្រូវបានក្រុមគ្រូសារដឹកបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ឯប្រទេសវៀតណាម។
-ចំណែកជនសង្ស័យ គឺជាកូនប្រុសបង្កេីតរបស់លោក កែវ គង់ អធិការនគរបាលក្រុងបាវិត ដែលមានឈ្មោះ កែវ ចិត្រា ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វារៀង ។
យោងតាមប្រភពព័ត៌មានដែលបានបង្ហើបឲ្យដឹងថា មុនកើតហេតុជនសង្ស័យបានចូលមកផឹកសុីនៅហាងកើតហេតុ លុះផឹកស្រវឹងជោគជាំក៏កើតភ្លើងប្រចណ្ឌ័ទៅលើស្ត្រីរងគ្រោះ ជាស្រីកម្នាញ់ចិត្ត ទេីបដកកាំភ្លើងបាញ់ប្រហារ យ៉ាងព្រៃផ្សៃតែម្ដង។
ក្រោយពេលបង្ករហេតុបាញ់ឲ្យស្ត្រីរងរបួសរួចជនសង្ស័យជាខ្មាន់កាំភ្លើងបានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។
មហាជនរងចាំមើលថាតើ កូនប្រុសបង្កើតរបស់លោក កែវ គង់ អធិការនគរបាលក្រុងបាវិត រូបនេះនិងត្រូវមានទោសយ៉ាងណាចំពោះមុខច្បាប់ ៕