សង្ស័យស្រវឹងខ្លាំងបើករថយន្តឆ្លងផ្លូវមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូមួយគ្រឿងដួលរងរបួសធ្ងន់៣នាក់ម្ដាយនិងកូនៗ ឯប្ដីរបួសស្រាល
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាទាំងថ្ងៃបើករថយន្តFRON TIER ឆ្លងផ្លូវមិនបានប្រុងប្រយត្ន័ជ្រុលទៅប៉ះជាមួយនិងម៉ូតូហុងដា ឌ្រីមមួយគ្រឿងដែលជិះឌុបគ្នាប្ដីប្រពន្ធនិងកូនតូចៗ២នាក់ បណ្ដាលឲ្យដួលរងរបួសធ្ងន់ធ្ងរ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចកញ្ចុះផឹកសុី យីហោ តាប្រជ្រុយ កែងផ្លូវបេតុងបំបែកមកផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងកម្លាំងមន្ត្រីប៉ូលិស ព្រមទាំង អាវុធហត្ថដែលនៅឈរជើង ការពារ ក្បួនត្រង់កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកFRON TIER ពណ៌ទឹកប្រាក់ ពាក់ស្លាក ភ្នំពេញ2U-0051 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងខ្លាំងធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីកើតទៅលិច ខណៈមកដល់ផ្លូវ៦០ម៉ែត្របានបើកឆ្លងផ្លូវមិនប្រយត្ន័ក៏ជ្រុលទៅប៉ះជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1F-5858 ដែលជិះឌុបគ្នា៤នាក់ប្ដីប្រពន្ធនិងកូនតូចៗ២នាក់ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យដួលរងរបួសធ្ងន់ធ្ងរស្ត្រីជាប្រពន្ធនិងកូន២នាក់ ចំណែកបុរសជាប្ដីរងរបួសស្រាលបានហៅរឺម៉កកង់បីឥណ្ឌាដឹកកូនតូចៗទាំង២នាក់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគុន្ធបុប្ផា ឯស្ត្រីជាប្រពន្ធត្រូវបានរថយន្តសាមុយ របស់ គ្លីនិច ឯកជនសួគ៌ាដឹកទៅសង្គ្រោះផងដែរ ។ តែអ្វីដែលគួរឲ្យហួសចិត្តគឺតៃកុងរថយន្តបង្កដែលគេសង្ស័យថា ស្រវឹងខ្លាំងនោះនៅពេលដែលអ្នកព័ត៌មានចុះទៅថតយកព័ត៌មាន ស្រាប់តែបុរសរូបនោះទាញ់ទូរសព្ទ័មកថតសម្ភាសអ្នកសារព័ត៌មានទៅវិញ ធ្វើអោយអ្នកចោមរោមមើលអស់សំណើច រកនិយាយមិនចេញ ។
ក្រោយពេលកើតហេតុនគរបាលជំនាញចរាចរណ៍ខណ្ឌមានជ័យចុះដល់ធ្វើកំណត់ហេតុមិនទាន់បានវាសវែងផង ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមកឌុបអ្នកបើករថយន្តបង្កចេញពីកន្លែងកើតហេតុបំណងគេចខ្លួនតែត្រូវកម្លាំងសមត្ថកិច្ចដេញតាមឃាត់បានមកវិញយកមកសួរនាំ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះវាសវែងយកទាំងរថយន្តនិងម៉ូតូព្រមតៃកុងរថយន្តទៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់ ៕