ជិះម៉ូតូលឿនសង្ស័យប្រញាប់ទៅដឹកម៉ូយមិនប្រយត្ន័ជ្រុលទៅបុកឃឿនចែកផ្លូវដួលបោកក្បាលស្លាប់គួរឲ្យសង្វេគ
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រញាប់ទៅមូយជិះម៉ូតូលឿនខ្វះការប្រុងប្រយត្ន័ក៏ជ្រុលបុកឃឿនសួនចែកទ្រូងផ្លូវបណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់យ៉ាងអាណោចអធម៌ ប្រពន្ធ និងសាច់ញាតិមកទ្រហោយំសោកគួរឲ្យសង្វេគ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង២០នាទីយប់ថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ពៅ រ៉ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅផ្ទះលេខ៥១ ភូមិព្រៃកន្ទ្រង់ ឃុំសៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ដំបូងគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកHONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1H-4431 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុកឃឿនសួនចែកទ្រូងផ្លូវបណ្ដាល ឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកម៉ូតូអូសប្រហែល២០ជាងម៉ែត្រពីជនរងគ្រោះ ខូចខាតបន្តិចបន្តួច។
បើតាមប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងដែរថា ជនរងគ្រោះប្រហែលជាជិះម៉ូតូប្រញាប់ទៅដឹកម៉ូយ ព្រោះគាត់តែងតែមានម៉ូយ ខល ហៅដឹកជារាងរាល់ថ្ងៃ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោ រង់ចាំប្រគល់ជូនសាច់ញាតិនៅពេលក្រោយ ៕