សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់បន្ទាប់ពីពួកគេ វាយបុរសម្នាក់ស្លាប់រួចប្លន់យកទ្រព្យសម្បត្តិ
ភ្នំពេញ៖ ជនសង្ស័យមួយក្រុមធ្វើសកម្មភាពដេញវាយ ជនរងគ្រោះមួយក្រុមទៀតបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឲ្យរន្ធត់ រួចបានប្លន់យកគ្រឿងអលង្ការរួចនាំគ្នាគេចអស់បន្ទាប់មកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ចាប់បាន៣នាក់
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៤៦៥ ផ្លូវលេខ១៩៨៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ គីម ឈុនលី ភេទប្រុសអាយុ២៩ ឆ្នាំ មុខរបរអ្នកដឹកឥវាន់តាមអនឡាញ ស្នាក់នៅផ្ទះជួលភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិព្រែកក្របៅ២ ឃុំព្រែកអំពិល ស្រុខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ប្រពន្ធឈ្មោះ ជា ដាលីន អាយុ២១ ឆ្នាំមុខរបរធ្វើការរោងចក្រ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់និងជនរងគ្រោះមានគ្នាប្រមាណ៨នាក់បានឈ្លោះប្រកែកគ្នានៅក្នុង(ក្លឹបហ្គោល ឡាញ) ដោយមិនដឹងថា មូលហេតុអ្វីនោះទេ បន្ទាប់មកក៍កើតជាជម្លោះ រវាងក្រុមជនសង្ស័យនិងក្រុមជនរងគ្រោះរួចកើតជាហិង្សាហើយបក្ខពួកជនសង្ស័យបានដេញវាយបក្ខពួកជនរងគ្រោះដល់កន្លែងកើតហេតុខាងលើបណ្ដាលឲ្យស្លាប់ម្នាក់រួចបានប្លន់យកគ្រឿងអលង្ការនៅជាប់ខ្លួនជនរងគ្រោះអស់ពីខ្លួន។ បន្ទាប់មកបក្ខពួកជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីមានការភ្ញាក់ផ្អើលករណីខាងលើ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន៣នាក់យកទៅសួរនាំ។
បើតាមសម្ដីប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា គ្រឿងអលង្ការដែរនៅជាប់នឹងខ្លួនប្ដីរបស់គាត់ដែលត្រូវជនសង្ស័យយកទៅរួមមាន៖ ខ្សែកមាសមួយដំឡឹង-ចិញ្ចៀនផ្លាកទីន៥ជី-នាឡិកាដៃមួយគ្រឿង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅខាងផ្នែកជំនាញចុះមកធ្វើកោសល្យវិច្ច័យ សពជនរងគ្រោះមានស្នាមបែកក្បាលផ្នែកខាងក្រោយនិងសៀតផ្កាដែលជនសង្ស័យវាយនឹងដុំថ្ម បន្ទាប់មកសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ ចំណែកក្រុមជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ច យកសួរនាំនិងកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋានគរបាលខណ្ឌសែនសុខចាត់ការបន្តតាមច្បាប់ ។ ដោយក្រុមបក្ខពួកជនសង្ស័យផ្សេងទៀតដែលរត់គេចខ្លួនសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕