នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនប្រហែល២០គីឡូ
ព្រះវិហា៖ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាកម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុមចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន ដែលដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោក រវសេនីយ៍ទោ ជា សំអឿន នាយរងការិយាល័យ (ក១)ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សម្របសម្រួលដោយលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន (ពីថៃមកកម្ពុជាឆ្លងកាត់តាមច្រកអានសេះ)
ប្រតិបត្តិការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង០២និង២២នាទី រសៀលថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩ នៅចំណុច ដំណាក់សេមាន់ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដកហូតវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន ២០ដុំធំ ស្មើទម្ងន់ប្រមាណ២០គីឡូក្រាម ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ ពិន និស្សា ហៅខូច ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច នាំយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីធ្វើការសាកសួរកសាង សំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕