ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករបាំងថ្មចែកផ្លូវដួលបោកក្បាលស្លាប់
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងថ្មចែកផ្លូវបណ្ដាលឲ្យដួលបោកក្បាលថ្នល់ស្លាប់ភ្លាមៗគួរឲ្យរន្ធត់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៧១ត្រង់ចំនុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។
សពបុរសរងគ្រោះមានឈ្មោះ គង់ វទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម០១៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FK-4171 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំនុចកើតហេតុក៏បានជ្រុលទៅបុករបាំងថ្មចែកផ្លូវពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអធម៌។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចររាចរណ៍ផ្លូវគោក ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករងចាំសាច់ញាតិយកឯកសារមកប្រគល់ជួនវិញ។ ចំណែកសពបុរសរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕