នគរបាលខណ្ឌសែនសុខ បញ្ជូនខ្លួនជនជាតិចិនតៃវ៉ាន់ប្រុសស្រី ២នាក់ ដែលពាក់ព័ន្ធរឿងផលិតគ្រឿងញៀន ទៅតុលាការ
(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ជាជនជាតិចិនតៃវ៉ាន់ ដែលពាក់ព័ន្ធករណី ផលិតគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់ ទៅជូនតុលាការចាត់ការតាមច្បាប់។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចជនសង្ស័យទី១ឈ្មោះ ស៊ី អាយអី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរ ទេសចរ ស្នាក់នៅផ្ទះជួលលេខ៥៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ពាក់ពន្ធ័ករណីរក្សាទុកសារធាតុផ្សំគីមីកែច្នៃនិងប្រើប្រាស់សារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យទី២ឈ្មោះ លី តាយឈាវ ភេទប្រុស អាយុ៤១ ជនជាតិចិនតៃវ៉ាន់ មុខរបរ បើកអ៊ីនធឺណេត ស្នាក់នៅក្នុងផ្ទះជួលលេខ៥៨ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលលេខ៥៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សូមជម្រាបថា កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ កាលពីថ្ងៃទី០៥-០៦ ខែមករា ឆ្នាំ២០២០ កន្លងទៅ។
នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ លី តាយឈាវ សមត្ថកិច្ច ដកហូតបានវត្ថុតាងជាច្រើនរួមមាន៖ អាវុធខ្លីចំនួន ២ដើម(ម៉ាកZORAKIM906 ពណ៌ខ្មៅ លាយទឹកប្រាក់ លេខ០០០១៣០៧ និងម៉ាកឡុកអីទ្រីសលេខPAD529 ពណ៌ខ្មៅ), បង់គ្រាប់កាំភ្លើងចំនួន ២បង់, គ្រាប់កាំភ្លើងចំនួន ១៨គ្រាប់, សំបកគ្រាប់កាំភ្លើងចំនួន ៣៥គ្រាប់, លិខិតឆ្លងដែនចំនួន ០៤ក្បាល, ម្ស៉ៅពណ៌សថ្លាចំនួន ៤៨ដប់ជ័រ, ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៥គ្រាប់, ម្ស៉ៅក្រាមពណ៌សថ្លាចំនួនន១កូនថង់តូច, ម្ស៉ៅម៉ដ្ឋពណ៌សចំនួន ១កញ្ចប់តូច, ម្ស៉ៅពណ៌ក្រាមសថ្លាចំនួន ៣០៧ដបតូច, ថ្នាំគ្រាប់ពណ៌ទឹកក្រូចចំនួន ១៥ក្រាប់, ម្ស៉ៅពណ៌ទឹកដោះគោចំនួន កន្លះដបជ័រ, ម្ស៉ៅម៉ដ្ឋពណ៌ទឹកក្រូចចំនួន កន្លះថង់ធំ, ម្ស៉ៅម៉ដ្ឋពណ៌ទឹកដោះគោចំនួន ១ថង់ធំ និងសម្ភារមួយចំនួនទៀត៕