Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនម្ចាស់រថយន្តហាយប្រិត​ ស្លាកលេខភ្នំពេញ2BB-0035ដែលបុកនឹងកិនមនុស្សស្លាប់២នាក់នៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ​ តាម​ឃាត់ខ្លួនបានហើយម្ចាស់រថយន្ត​ ម៉ាក​ ហាយប្រិត​ ពាក់ស្លាក​លេខភ្នំពេញ2BB-0035​ដែលបុកបុរស​ម្នាក់​និងក្មេងស្រីម្នាក់ទៀត​បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត​ ខណៈកំពុងជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវ៦០​ម៉ែត្រកាលពី​វេលា​ម៉ោង​១០ព្រឹក​ថ្ងៃ​ទី១០ខែមករាឆ្នាំ២០២០​ នៅចំណុច​មុខការដ្ឋាន​ចិន ភូមិព្រែកតាគង់ សង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យរាជធានី​ភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនកើតហេតុបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IC-4551​ ឌុបក្មេងស្រី​ម្នាក់ធ្វើ​ដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូងដោយព្យាយាមវ៉ាគេឯងក៏ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះក៏មានរថយន្តហាយប្រិត ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 2BB-0035 កំពុងបើកបរបញ្ច្រាសទិសគ្នាជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយម៉ូតូខ្ទាតទៅម្ខាងចំណែកអ្នកជិះម៉ូតូចំនួន២នាក់ត្រូវកិននឹងអូសជាច្រើនម៉ែត្របណ្តាលអោយស្លាប់ភ្លាមៗ ។​
ប្រភពដដែរបន្តថា​ បន្ទាប់ពីបុកហើយរថយន្តបង្កបានបើកគេចពីកន្លែងកើតហេតុ​បាត់​ស្រមោល។​

ក្រោយមកកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យធ្វើ​ការស្រាវជ្រាវតាមរកនិងចាប់ឃាត់ខ្លួនម្ចាស់​រថយន្តបាននៅសង្កាត់បឹងទំពុន​ ខណ្ឌមាន​ជ័យ​ ដែលមានឈ្មោះ ឆេង គឹមលី ភេទ​ប្រុស អាយុ២២ឆ្នាំ។​ ចំណែកអ្នកបើក​រថយន្ត​បង្ក​ មានឈ្មោះ ហ៊ុយ ទូច ភេទប្រុស អាយុ​៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ2EO ក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ (កំពុងគេចខ្លួន)ត្រូវជាពូម្ចាស់រថយន្ត​ ។

តែទោះជាយ៉ាងណាសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់រថយន្តបញ្ចូនទៅជំនាញការិយាល័យ​ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់​ការតាមនីតិវិធី​ច្បាប់​ ៕