សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន២នាក់ ក្នុងចំណោម ៥នាក់ ពាក់ព័ន្ធករណីប្រើហិង្សា កំហែងយកគំរាមសម្លាប់ និងប្លន់ ជនជាតិចិនដូចគ្នា
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងព្រលឹត កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ២នាក់ ក្នុងចំណោម ៥នាក់ ពាក់ព័ន្ធករណី ប្រើហិង្សា កំហែងយក គំរាមសម្លាប់ និងប្លន់ ជនជាតិចិនដូចគ្នា។
បើតាមសមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ Hong Leang ភេទប្រុស ជនជាតិចិន និងទី២ឈ្មោះ Mr Pan ភេទប្រុស ជនជាតិចិន។ចំណែកជនរងគ្រោះមានឈ្មោះ ZHOU CHAOJAIANG ភេទប្រុស ជនជាតិចិន។
គួររម្លឹកថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ កន្លងទៅ ក្រុមជនសង្ស័យមានគ្នា ៥នាក់បានយកកាំបិតទៅគំរាម និងវាយតប់លើជនរងគ្រោះ ដើម្បីកំហែងយកប្រាក់ និងសម្ភារជាច្រើនទៀត រួមទាំងបង្ខំឲ្យចុះហត្ថលេខាលើកិច្ចសន្យាប្រគល់សណ្ឋាគារ សៅអាស៊ី វីយូ ឲ្យពួកគេ។
ករណីនេះកើតហេតុនៅចំណុចសណ្ឋាគារ សៅអាស៊ី វីយូ ស្ថិតនៅផ្ទះលេខ៥៣ផ្លូវលេខ១១៣សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បច្ចុប្បន្ន សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងព្រលឹត កំពុងសាកសួរជនរងគ្រោះ និងជនសង្ស័យ ដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅថ្នាក់លើចាត់ការបន្តតាមផ្លូវច្បាប់៕