Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ទីបំផុត! ជនសង្ស័យដែលបើករថយន្ដ បុក​មនុស្សស្លាប់២នាក់នៅផ្លូវ៦០ម៉ែត្រ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ច​ ធ្វើការស្រាវជ្រាវតាមចាប់បានហើយជនសង្ស័យដែលបើក​រថយន្តបង្ក បុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យមនុស្ស២នាក់បានស្លាប់នៅ​ផ្លូវ​៦០​ម៉ែត្រ ក្នុងសង្កាត់​ចាក់អង្រែលើ​ ខណ្ឌ​មា​នជ័យ
ហេតុការណ៍ឃាត់ខ្លួនអ្នកបើករថយន្តបង្កនេះ​ធ្វើឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១មករា​ឆ្នាំ២០២០​ នៅស្រុកស្អាង ខេត្តកណ្ដាល​ បន្ទាប់ពីជនសង្ស័យគេចបាន​ជាង១០ម៉ោង​ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែល​ឃាត់ខ្លួនគឺជាអ្នកបើករថយន្តបង្កផ្ទាល់​ មាន​ឈ្មោះ ហ៊ុយ ទូច អាយុ៣៣ឆ្នាំ​ ក្នុងនោះ​សមត្ថកិច្ចដកហូតបានរថយន្ដមួយគ្រឿងម៉ាកCamry ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2BB-0035 ។ ចំណែកឈ្មោះ ឆេង គីមលី អាយុ២១ឆ្នាំ​ ដែលជាម្ចាស់រថយន្ដ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ នៅផ្ទះក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ​ ត្រូវជា​ក្មួយ និងអ្នកបើករថយន្តបង្ក​ ហើយ​មិនជាប់​ពាក់ព័ន្ធក្នុងករណីនេះទេ។
សមត្ថកិច្ច​ បន្តទៀតថា​ ក្រោយឃាត់ខ្លួនជន​បង្កឈ្មោះ ហ៊ុយ ទូច រួមជាមួយរថយន្ដ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។

សូមបញ្ជាក់ថា រថយន្ដម៉ាកCamryពាក់ស្លាក​​លេខភ្នំពេញ 2BB-0035 បានបើកបុកម៉ូតូមួយគ្រឿង ផ្ដាច់ជីវិតមនុស្សប្រុសស្រី២នាក់ ស្លាប់យ៉ាងអាណោចអធម៌​ នៅតាមបណ្ដោយ​ផ្លូវ៦០ម៉ែត្រ​ ​ត្រង់ចំណុចមុខការដ្ឋានចិន សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២០​ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាក​លេខភ្នំពេញ1IC-4551 ឌុបក្មេងស្រីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិស​ដៅ​ពីជើងទៅត្បូង ហើយបានវ៉ារថយន្តមួយគ្រឿងចូលទៅចំណែកផ្លូវម្ខាង ស្របពេលដែលមានរថយន្តហាយប្រ៊ីត មួយគ្រឿង ពណ៌ស​ពាក់ស្លាកលេខភ្នំពេញ2BB-0035 បើកមកបញ្ច្រាសទិសគ្នា ជាមួយម៉ូតូ ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតទៅម្ខាង​ ហើយកិន និងអូស​ អ្នកជិះម៉ូតូជា​ច្រើនម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗ គួរឲ្យសង្វេក​ ហើយរថយន្ដបានបើកគេចបាត់៕