នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចជិះម៉ូតូមិនបានសម្រេច
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង ៤៥នាទីព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០២០ នៅតាមបណ្ដោយ ផ្លូវបេតុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ នី ឌីណា អាយុ២៤ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ចំណែកជនរងគ្រោះឈ្មោះ យ៉ង យ៉ុងហ៊ួរ អាយុ១៥ឆ្នាំមុខរបរជាសិស្សស្នាក់នៅភូមិកើតហេតុខាងលើ។
សមត្ថកិច្ចបានអោយដឹងថា បើតាមការរៀបរាប់ពីជនរងគ្រោះប្រាប់ឲ្យដឹង នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកឌីសពណ៌ស លាយខៀវពាក់ស្លាកលេខភ្នំពេញ 1HZ-៣៩៨៩ ចេញពីសាលារៀនមកទុកនៅមុខបន្ទប់ជួលរួចក៏បានចូលទៅក្នុងបន្ទប់ ក្រោយមកស្រាប់តែឃើញជនសង្ស័យឈ្មោះ នី ឌីណា បានឡើងលើម៉ូតូធ្វើសកម្មភាពកាច់ក ហើយបម្រុងនឹងជិះគេចខ្លួនតែត្រូវជនរងគ្រោះឃើញទាន់ស្រែកថា ចោរៗផ្អើលដល់អ្នកជិតខាងក៏ព័ទ្ធចាប់ជនសង្ស័យបាន ស្របពេលនោះក៏មានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ចុះល្បាតក៏ប្រគល់ឲ្យសមត្ថកិច្ចយកមកសួរនាំនៅស្នាក់ការប៉ុស្ដិ៍តែម្ដង ។
សមត្ថកិច្ចបន្តថា នៅមុខមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែនដោយសារតែខ្លួនគ្មានលុយទិញថ្នាំជក់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅលើប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការរដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕