ស្គាល់អត្តសញ្ញាណខ្មាន់កាំភ្លើងដែលបាញ់ប្រហាផ្ដាច់ជីវិតនិសិត្សពេទ្យកាលពីយប់មិញហើយ
ភ្នំពេញ ៖ ក្រោយមានការបាញ់ប្រហានារី ជានិសិត្សពេទ្យ ម្នាក់បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធម៌ ខណៈបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យបានពាក់កណ្ដាលផ្លូវ នោះពេលនេះសមត្ថកិច្ចធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ និងបានកំណត់មុខសញ្ញាជនសង្ស័យ ដែលបាញ់សម្លាប់នារីជាគូដណ្ដឹង កាលពីយប់មិញបានហើយមានឈ្មោះ យឺន វណ្ណដេត អាយុប្រហែល៣០ឆ្នាំ គឺជានាយទាហាន នៅអង្គភាព (ង៧០) មានឋានន្តរស័ក្តវរសេនីយត្រី ។
សូមរំលឹកថា នារីម្នាក់ដែលគេស្គាល់ថាជានិសិត្សពេទ្យ មានឈ្មោះ ជុន ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ មានស្រុកកំណើត នៅភូមិ ព្រៃមនោ ឃុំផុងស្រុកបសេដ្ឋ កំពង់ស្ពឺ ស្នាក់នៅផ្ទះកើតហេតុ ត្រូវបុរសជាគូដណ្ដឹង ដែលទើបនិងភ្ជាប់ពាក្យក្នុងអំឡុងខែកញ្ញាឆ្នាំ២០១៩ បានបាញ់ ប្រហាបណ្ដាលឲ្យស្លាប់បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង១០រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខH-03 ផ្លូវលំBTក្នុងបុរីរំចេកអូឌឹមសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ ជាគូដណ្ដឹង របស់ជនរងគ្រោះ នៅក្នុងផ្ទះជាមួយគ្នា ក៏ស្រាប់តែលឺស្នូរ ផ្ទុះអាវុធ បន្ទាប់មកគេក៏ឃើញជនសង្ស័យ បានបីជនរងគ្រោះ ចេញមកខាងក្រៅ រួចហៅម៉ូតូកង់បីឥណ្ឌា ដឹកនារីរងគ្រោះទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីសង្គ្រោះ តែជាអកុសលដោយសាររបួសធ្ងន់ពេកទើបនារីរងគ្រោះ បានដាច់ខ្យល់ស្លាប់ពេលបញ្ជូនដល់ពាក់កណ្តាលផ្លូវ។
ប្រភពបន្តថា ករណីខាងលើ កើតឡើងតាំងពីម៉ោង៩យប់តែមិនមានអ្នកចាប់អារម្មណ៍ដោយសារតែការផ្ទុះអាវុធនេះ កើតឡើងនៅក្នុងផ្ទះល្វែង លុះឃើញសមត្ថកិច្ច ចុះមកពិនិត្យកន្លែងកើតហេតុ ទើបផ្អើលឆោឡោ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ឯខេត្តកំពង់ស្ពឺ ។ ពេលនេះកម្លាំងសមត្ថកិច្ចកំពុង ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោស តាមច្បាប់ ៕