ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ជិះម៉ូតូកង់បីបានសម្រេច រួចនាំគ្នាជិះគេចខ្លួនបាត់
ភ្នំពេញ៖ ស្ត្រីអ្នកបកប្រែភាសាបរទេសម្នាក់ជិះម៉ូតូកង់បីឥណ្ឌា បំណង ទៅជួបភ្ញៀវ ដល់ពាក់កណ្ដាលផ្លូវត្រូវក្រុមចោរមួយក្រុមមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាព (ឆក់)យកកាបូបស្ពាយបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោលដោយមិនរំខានដល់សមត្ថកិច្ច
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៧ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ៣៧១ (សូឡា)ក្បែរនិងការ៉ាស់សាំង ptt ក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះដែលត្រូវក្រុមចោរឆក់កាបូបមានឈ្មោះ ជា ស្រីណា អាយុ ២៨ឆ្នាំមុខរបរជាអ្នកបកប្រែភាសា បរទេស ស្នាក់នៅម្ដុំព្រៃសរ ក្នុងខណ្ឌដង្កោ។
បើតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខកណ្ដាល1Y-7065 ចេញពីម្ដុំព្រៃសដើម្បីទៅជួបភ្ញៀវនៅម្ដុំអង់តែនទួលគោកដើម្បីបន្តដំណើរទៅសៀមរាបនៅ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៧១ (សូឡា)ខណៈជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូ២គ្រឿង ម៉ាកហុងដា ឌ្រីមពណ៌ខ្មៅមិនចាំស្លាកលេខមកក្បែរួចបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីរូបគាត់បានសម្រេចហើយនាំគ្នាជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ជនរងគ្រោះបានបន្តថា នៅក្នុងកាបូបរបស់គាត់ដែលក្រុមចោរឆក់យកទៅនោះរួមមាន៖ ប៉ាស្ព័រមួយក្បាល និងគ្រឿងហេប ភីឡាយ៤-៥កំប៉ុងនិងទូរសព្ទដៃមួយគ្រឿង។
ក្រោយកើតហេតុជនរងគ្រោះបានជិះកង់បីបន្តដំណើរទៅមុខ ហើយក៍បានជូបនិងកម្លាំងនគរបាល ខណ្ឌទួលគោក កំពុងដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍នៅតាមបណ្ដោយផ្លូវ២៧១ ក៍បានប្រាប់ទៅនគរបាលថា មានជនសង្ស័យឆក់កាបូបរបស់គាត់នៅផ្លូវ៣៧១(សូឡា) តែកម្លាំងនគរបាលបានប្រាប់ទៅជនរងគ្រោះថា ករណីនេះនៅក្នុងទឹកដីខណ្ឌសែនសុខ ។ បន្ទាប់មកជនរងគ្រោះមិនចង់វែងឆ្ងាយហើយដោយសារប្រញាប់ទៅជួបភ្លៀវផងនោះ ក៏បានបន្តដំណើរទៅមុខបាត់ស្រមោលដោយមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ ៕