Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

តុលាការខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួន​មន្ត្រីកងរាជអាវុធហត្ថ២នាក់​ ពាក់ពន្ធ័ករណី​ប្រើអំពើហឹង្សាបណ្ដាលឲ្យស្លាប់មនុស្ស

បន្ទាយមានជ័យ ៖ បើតាម សេចក្តីប្រកាស​ព័ត៌មានរបស់ សាលាដំបូងខេត្តបន្ទាយមាន​ជ័យ​ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនមន្រ្តីកងរាជអាវុធហត្ថ២នាក់ ដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យជាបណ្តោះអាសន្ន ករណី​ប្រើហិង្សាបណ្តាលឱ្យស្លាប់មនុស្ស។

​មន្រ្តី​អាវុធហត្ថ​ ទាំង២រូបនេះរួមមានទី១ ៖វរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង ទី២ ៖ អនុសេនីយ៍ទោ ឆយ រដ្ឋនា ជំនួយការការិយាល័យប្រឆាំងគ្រឿងញឿន កងរាជ​អាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលត្រូវ​បានគណៈកម្មការចំពោះកិច្ចរបស់ កងរាជ​អាវុធហត្ថលើផ្ទៃប្រទេស សម្រេចឃាត់ខ្លួន បញ្ជូនទៅតុលាការ។

​សេចក្តីប្រកាសព័ត៌មានរបស់ សាលាដំបូងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មន្រ្តីអាវុធហត្ថទាំងពីររូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា​មានស្ថានភាពទម្ងន់ទោស និងបទ ហិង្សាដោយចេតនាស្ថានទម្ងន់ទោសដោយសារមរណភាព នៃជនរងគ្រោះ» តាមបញ្ញត្តិនៃមាត្រា២១៨ និងមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

ករណីប្រើប្រាស់ហិង្សាលើជនសង្ស័យរបស់ មន្រ្តីអាវុធហត្ថខេត្តបន្ទាយមានជ័យ បានកើត​ឡើងបន្ទាប់ពីកម្លាំងអាវុធហត្ថ បានឃាត់ខ្លួន​ប្រជាពលរដ្ឋ៥នាក់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីរំលោភកាន់កាប់ដីរបស់ឯកជន និងដីរបស់រដ្ឋ។ ប្រជាពលរដ្ឋ៥នាក់នោះ រួមមាន ទី១៖ ឈ្មោះ នូវ នឿន ទី២៖ ឈ្មោះ ហ៉ឹម គិរី ទី៣៖ ឈ្មោះ យិប ម៉ក់ ទី៤៖ ឈ្មោះ អាន រួន និងទី៥៖ ឈ្មោះ ទុយ ស្រស់។ លោកទុយ ស្រស់ ដែលរងការធ្វើទារុណកម្មពីសំណាក់មន្រ្តីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។

គួរំលឹកថា​ នៅក្នុងជំនួបប្រចាំឆ្នាំលើកទី៤ រវាងសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃកម្ពុជា និងអ្នកសារព័ត៌មានខ្មែរ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចបានប្រកាសបញ្ជាឱ្យស៊ើបអង្កេតរឿងនេះឱ្យបានច្បាស់លាស់។ ស្របជាមួយបទបញ្ជានេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានចាត់តាំងគណៈកម្មការមួយស៊ើបអង្កេតអំពីករណីនេះផងដែរ។

ក្រោយពីការស៊ើបអង្កេតនេះ កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស បានរកឃើញដូចតទៅ​១៖ នាយទាហាននៃកងរាជអាវុធហត្ថចំនួន​២​នាក់ បានប្រើអំពើហិង្សាដោយវាយជនសង្ស័យពិតប្រាកដមែន។ -វរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខៈ ១៩៧៣៩២ មុខងារៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង-អនុសេនីយ៍ទោ ឆយ រដ្ឋនា អត្តលេខៈ ១៩៧៣៩៩ មុខងារៈ ជំនួយការការិយាល័យប្រឆាំងគ្រឿងញឿន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

២៖ ការធ្វេសប្រហែសក្នុងការអនុវត្តតួនាទី ភារកិច្ចដោយឃាត់ខ្លួនជនសង្ស័យនៅជា​មួយក្រុមក្មេងដែលកំពុងអប់រំបន្សាបគ្រឿង​ញៀន និងបណ្តោយឱ្យក្មេងទាំងនោះវាយធ្វើបាបជនសង្ស័យ។ ក្រោយពីការបញ្ជូនខ្លួនទៅកាន់ពន្ធនាគារតាមដីកាឃុំខ្លួនបណ្តោះ​អាសន្នរបស់ចៅក្រមស៊ើបសួរ​នៃសាលា​ដំបូងខេត្តបន្ទាយមានជ័យ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានស្លាប់។

៣៖ ជាវិធានការ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលយុត្តិធម៌នៃគណៈកម្មការចំពោះកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកសាងសំណុំរឿង នាយ​ទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមាន​ជ័យ ចំនួន២នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការចោទប្រកាន់តាមច្បាប់៕