ទាស់គ្នារាំរ៉ៃរឿងព្រំដី ប្រតាយប្រតប់គ្នាម្នាក់គាំងបេះដូងស្លាប់ម្នាក់ទៀតជាប់ខ្នោះ
កណ្ដាល៖ កម្លាំងនគរបាល ឃុំសំរោងធំឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីប្រតាយប្រតបគ្នាបណ្ដាលឲ្យបុរសចំណាស់ម្នាក់គាំបេះដូងស្លាប់ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២០ នៅចំនុចផ្ទះជនរងគ្រោះ ភូមិព្រែកត្រែង២ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សពជនរងគ្រោះមានឈ្មោះ វ៉េង ចេង ភេទប្រុស អាយុ៥៩ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ វ៉េង ម៉ៃ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែ មុខរបរកសិករ រស់នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា កន្លងមកជនសង្ស័យនិងជនរងគ្រោះដែលត្រូវបងប្អូនជីដូនមួយ ធ្លាប់មានបញ្ហាទំនាស់ព្រំដីជាមួយគ្នាជាង២០ឆ្នាំមកហើយ រហូតធ្វើអោយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងបីដងមក នៅមេភូមិ ។
លុះដល់ថ្ងៃកើតហេតុខាងលើ លោកមេភូមិឈ្មោះ រ៉េន សុវណ្ណ បានហៅជនសង្ស័យនិងជនរងគ្រោះមកសម្របសំរួលគ្នាដោយលោកមេភូមិបាននិយាយជាមួយជនសង្ស័យថា អោយគាត់(ជនរងគ្រោះ)សំផ្លូវអោយឡានដឹកដីចាក់ក្រោមផ្ទះនិងមុខផ្ទះពេលនោះ ជនសង្ស័យបាននិយាយប្រកែកថាអញមិនអោយទេអាឆ្កែនិងវាប្តឹងអញបីដងមកហើយ ពេលឭដូច្នោះជនរងគ្រោះបានជេរអាឆ្កែតបទៅវិញរួចស្ទុះក្រោកពីអង្រឺងមកឈរមុខផ្ទះដោយបានជេរគ្នាពាក្យអាឆ្កែទៅវិញទៅមក ហើយអ្នកទាំងពីរបានស្ទុះវាយប្រតាយប្រតប់គ្នាទៅវិញទៅមកដោយឃើញដូចឆ្នោះលោកមេភូមិបានចូលទៅឃាត់ញែកអ្នកទាំងពីរចេញពីគ្នាដោយលោកមេភូមិនៅឈរចំកណ្តាលរួចបានដេញឲ្យជនសង្សយ័ទៅផ្ទះខ្លួនវិញហើយជនរងគ្រោះត្រូវបានអ្នកជិតខាងគ្រាយកមកអង្គុយនៅលើគ្រែក្រោមផ្ទះបានប្រហែលជាពីរនាទីជនរងគ្រោះបានដួលធ្លាក់ពីលើគ្រែស្លាប់តែម្តង។ ក្រោយមកកូនជនរងគ្រោះឈ្មោះ ចេង ហឿន ភេទស្រី បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សំរោងធំ ក្រោយពេលទទួលបណ្តឹងរួចកំលាំងនគរបាលជំនាញស្រុកកៀនស្វាយសហការណ៍ជាមួយកំលាំង
នគរបាលប៉ុស្តិ៍សំរោងធំ បានចុះទៅដល់កន្លែងកើតហេតុនាំខ្លួនជនសង្ស័យខាងលើមកសួនាំនៅប៉ុស្តិ៍ ក្រោយពីសួរនាំរួចនៅចំពោះមុខសមត្តកិច្ចជនសង្សយ័បានសារភាពថាខ្លួនពិតជាបានវាយប្រតាយប្រតប់ជាមួយជនរងគ្រោះពិតប្រាកដមែន។
សមត្ថកិច្ចបន្តថា យោងតាមចំលើយសាក្សីលោកមេភូមិឈ្មោះ រ៉េន សុវណ្ណ ភេទប្រុស អាយុ៤០ឆ្នាំប្រាប់ថា គាត់ពិតជាបានឃាត់អ្នកទាំងពីក្នុងពេល ប្រតាយប្រតប់គ្នាប្រាកដមែនព្រោះគាត់បានដឹងថា ជនរងគ្រោះមានជម្ងឺប្រចាំកាយ តែមិនដឹងជម្ងឺអីទេ។
ចំណែកសាក្សី ឈ្មោះ ស ស្រីនាង ភេទស្រី អាយុ៤៩ឆ្នាំ(ផ្ទះជាប់គ្នា)ថាខ្លួនបានចូលឃាត់ ជនសង្ស័យនឹងជនរងគ្រោះ កំពង់ប្រតាយប្រតប់គ្នាមែនហើយខ្លួនបានគ្រាជនរងគ្រោះយកមកដាក់លើគ្រែនៅក្រោមផ្ទះអង្គុយបានប្រហែលជាពីរនាទីជនរងគ្រោះបានធ្លាក់ពីលើគ្រែស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានទំនាក់ទំនងសមត្ថកិច្ចជំនាញមកពិនិត្យនិងធ្វើកោសលវិច្ឆយរួចហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង(បណ្ដាលមកពីជម្ងឺគាំងបេះដូងនឹងសំពាធឈាមឡើងខ្ពស់)។
បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពីណី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕