Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រសួងព័ត៌មាន បើកកិច្ចប្រជុំជាមួយមេធាវីស្ម័គ្រចិត្តសម្តេចតេជោ រៀបចំផែនការជួយការពារអ្នកសារព័ត៌មាន ដែលធ្វើការតាមវិជ្ជាជីវៈ!

ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា។ បានបើកកិច្ចប្រជុំរួមគ្នា រៀបចំផែនការដំណើការ ក្នុងការការពារក្តី ជូនអ្នកសារព័ត៌មាន ដែលធ្វើការតាមវិជ្ជាជីវៈ។

កិច្ចប្រជុំនេះ បានធ្វើឡើងនាវេលាព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករទៀតផង។

គួរបញ្ជាក់ថា អ្នកសារព័ត៌មានទាំងឡាយណា ដែលសរសេរព័ត៌មានដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងត្រូវទទួលបានសិទ្ធិការពារក្តី ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់ សម្តេច តេជោ នាយករដ្ឋមន្រ្ដី ។
លោក គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត របស់សម្តេចតេជោនាយករដ្ឋមន្រ្ដី ត្រូវមានតួនាទីទទួលខុសត្រូវ លើបញ្ហាការពារក្តីដល់អ្នកសារព័ត៌មានទាំងនោះ។ នេះបើយោងតាមការប្រកាសរបស់ សម្តេច តេជោ នាយករដ្ឋមន្រ្ដី នៅល្ងាចថ្ងៃទី១៤ ខែ​មករាឆ្នាំ២០២០​ ក្នុងឱកាសសំណេះ​សំណាល និង ពិសារអាហារសាមគ្តី ជាមួយអ្នកសារព័ត៌មានជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលមហា​សន្និបាត និង ពិព័រណ៍កោះពេជ្រ។
ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង​ បន្ទាប់ពី​ មានការស្នើ​ សុំពី ឯកឧត្ដម​ ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

បើតាមប្រសាសន៍សម្តេច តេជោ ហ៊ុន សែន ក្រុមមេធាវីស្ម័គ្រចិត្ត ក៏មានសិទ្ធិបដិសេធមិនទទួលយកការស្នើសុំការពារក្តី ពីអ្នកសារ​ព័ត៌មានណា ដែលផ្សាយព័ត៌មានមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និង ផ្សាយព័ត៌មានបំភ្លៃការពិត។
សម្តេច​ ហ៊ុន​ សែន ថែមទាំងបានជំរុញដល់អ្នកសារព័ត៌មាន ឲ្យគោរពពាក្យស្លោក ដែលត្រូវបាន សម្តេចតេជោ ដាក់ចេញថា! ធ្វើជាអ្នកសារព័ត៌មាន(កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត )៕