មន្ត្រីយោធាម្នាក់សង្ស័យស្រវឹងស្រាដកកាំភ្លើងខ្លីបាញ់២គ្រាប់បង្កការភ្ញាក់ផ្អើលត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានសហការមួយនិងកម្លាំងអាវុធហត្ថខណ្ឌដង្កោចាប់ឃាត់ខ្លួនមន្រ្តីយោធាម្នាក់ បំរើការងារនៅអង្គភាពយោធភូមិភាគពិសេស បន្ទាប់ពីមន្ត្រីយោធារូបនោះសង្ស័យស្រវឹងស្រាបានដកកាំភ្លើងបាញ់បោះសេរី បង្កការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន កាលពីវេលាម៉ោង០៧និង៤០នាទីយប់ថ្ងៃទី១៩ខែមករាឆ្នាំ២០២០នៅចំនុច ផ្ទះលេខ០៦ បុរីពិភពថ្មីផ្លូវលេខ១១០ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាមន្ត្រីយោធាដែលឃាត់ខ្លួនមានឈ្មោះ ពៅសារ៉ន ភេទប្រុសអាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះលេខ០៦ បុរីពិភពថ្មីផ្លូវលេខ១១០ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បន្ទាប់ឃាត់ខ្លួនដកហូតបានកាំភ្លើងខ្លី១ដើមម៉ាកឡុកគ្រាប់ចំនួន១០គ្រាប់ ហើយសមត្ថកិច្ចបានរកឃើញសំបកគ្រាប់ដែលផ្ទុះហើយចំនួនមួយ។
សមត្ថកិច្ចបន្តថា ជនសង្ស័យនិងវត្ថុតាងបន្ទាប់ពីឃាត់ខ្លួនត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្ត ទៅតាមផ្លូវច្បាប់៕