Sunday, November 24, 2024
Latest:
ព័ត៌មាន​ជាតិ

ជនរងគ្រោះ ដាក់ពាក្យសុំអន្តរាគមន៍ទៅ​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីតុលាការប្តូរ​បទចោទលើលោក ហេង សុវណ្ណារ៉ា ពីធ្ងន់ទៅស្រាល

(ភ្នំពេញ)៖ លោកស្រី សុង សូណា ជា​ជន​រងគ្រោះ នៃអំពើបាញ់ប្រហាររបស់ជន​ជាប់​ចោទឈ្មោះ ហេង សុវណ្ណារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ កន្លងទៅ បានដាក់ពាក្យសុំអន្តរាគមន៍ជូន ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីជួយពិនិត្យ និងចាត់មន្ត្រីឲ្យចុះធ្វើអធិការកិច្ច លើចំណាត់ការ​នីតិវិធីរបស់តុលាការក្រុងភ្នំពេញ ដែលបានកែប្រែបទចោទប្រកាន់ជនជាប់ចោទខាងលើ។

ពាក្យសុំអន្តរាគមន៍ របស់ជនរងគ្រោះឈ្មោះ សុង សូណា បានទទូចស្នើសុំ ឯកឧត្តម រដ្ឋមន្ត្រី ជួយអន្តរាគមន៍លើសំណុំរឿងព្រហ្មទណ្ឌលេខ៣៩១៦ចុះថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១៩ របស់សាលាដំបូង​រាជធានីភ្នំពេញ ដែលត្រូវបានលោក ហេង ផេង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ប៊ុន ធី ជាចៅក្រមស៊ើបសួរ បាន​សម្រេចប្តូរបទចោទប្រកាន់លើឈ្មោះ ហេង សុវណ្ណារ៉ា ពីបទ ប៉ុនប៉ងឃាតកម្ម ដែលជា​បទល្មើសឧក្រិដ្ឋ ទៅជាបទ ធ្វើឲ្យខូចខាត​ដោយចេតនាមានស្ថានទម្ងន់ទោសដោយ​សារប្រើវិធីគ្រោះថ្នាក់ដល់បុគ្គល និងបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការ​អនុញ្ញាត ដែលសុទ្ធសឹងជាបទល្មើសមជ្ឈិម។

ជនរងគ្រោះបានបញ្ជាក់ថា ការសម្រេចកែ​ប្រែបទចោទប្រកាន់លើឈ្មោះ ហេង សុវណ្ណារ៉ា បានធ្វើឡើងផ្ទុយពីអង្គហេតុពិត​ដែលបានកើតឡើងទាំងស្រុង ដែលទង្វើបែបនេះគឺជាការចូលរួមលើកទឹកចិត្តឲ្យមន្ត្រីមានបុណ្យស័ក្តិ និងមានអាវុធ ដើរបាញ់បោះ ធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់តាមតែអំពើ​ចិត្ត។

បើយោងតាមលិខិតជូនដំណឹង ឬជូនព័ត៌មាន ស្តីពីការជូនរឿងទៅជំនុំជម្រះ លេខ១១១៨ “ន”ព្រទ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ របស់លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃ​សាលា​ដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា តុលាការ​បានសម្រេចប្តូរបទចោទប្រកាន់លើជន​ជាប់​ចោទឈ្មោះ ហេង សុវណ្ណារ៉ា ពីបទ ប៉ុនប៉ងឃាតកម្ម យោងតាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ទៅជាបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសដោយសារប្រើវិធីគ្រោះថ្នាក់ដល់បុគ្គល និងបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ៤១៣ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ វិញ។

ចំណែកដីកាសន្និដ្ឋានស្ថាពរ លេខ៣៧៥៦ អ.យ.ង របស់លោក ហេង ផេង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ក៏បានសម្រេចកែប្រែបទចោទប្រកាន់លើជនជាប់ចោទឈ្មោះ ហេង សុវណ្ណារ៉ា ពីបទ ប៉ុនប៉ងឃាតកម្ម ទៅជាបទ ធ្វើឲ្យខូចខាតដោយ​ចេតនាមានស្ថានទម្ងន់ទោសដោយសារ​ប្រើវិធីគ្រោះថ្នាក់ដល់បុគ្គល និងបទ កាន់កាប់ ឬ​ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដូច​គ្នានឹងចៅក្រមស៊ើបសួរផងដែរ។

បើតាមរបាយការណ៍លេខ១០១/១៩ រ.ប.ក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ របស់អធិការដ្ឋានគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសន្និដ្ឋាន ចោទប្រកាន់លើឈ្មោះ ហេង សុវណ្ណារ៉ា ពីបទ ប៉ុនប៉ងឃាតកម្ម។

ក្រៅពីដាក់ពាក្យសុំអន្តរាគមន៍ទៅជូន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជនរងគ្រោះក៏បាន ប្តឹងឧទ្ធរណ៍លើដីកាដំណោះស្រាយរបស់លោក ប៊ុន ធី ជាចៅក្រមស៊ើបសួរ លើដី​កាបញ្ជូនរឿងទៅជំនុំជម្រះលេខ៦៤៦៦ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ផងដែរ។

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ហេង សុវណ្ណារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ ត្រូវបានលោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលា​ដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាស្ន នៅពន្ធនាគាររាធានី​ភ្នំពេញ (PJ) កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤៣៩២ “ន” ដ.ព.ស ក្រោមបទចោទ ប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

ការឃុំខ្លួនជាប់ចោទធ្វើឡើងបន្ទាប់ពី លោក ហេង ផេង បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ ហេង សុវណ្ណារ៉ា ពីបទ ប៉ុនប៉ងឃាតកម្ម រួចបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរចាត់ការបន្ត តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ២៧១៣ អ.យ.ង ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។

គួររម្លឹកថា ជនត្រូវចោទឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ នគរបាល មានតួនាទីជា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ ត្រូវនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីកណ្តាលយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។

ការឃាត់ខ្លួនជនជាប់ចោទ ធ្វើឡើងបន្ទាប់ពី ជនត្រូវចោទបានប្រើប្រាស់ កាំភ្លើង AK ស្វាយបត់ បាញ់ចំនួន ១១គ្រាប់ ប៉ុនប៉ងសម្លាប់ ជនរងគ្រោះឈ្មោះ សុង សូណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោកអ៊ុតខោអាវ ស្នាក់នៅផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហេតុការណ៍បាញ់បោះបង្កឡើងដោយជន​ជាប់ចោទឈ្មោះ ហេង សុវណ្ណារ៉ា បានកើត​ឡើង នៅវេលាម៉ោង ម៉ោង១០ និង៣០នាទី យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះបោកអ៊ុតស៊េរីទំនើប ផ្លូវបេតុង ក្រោយមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ ភូមិទឹកថ្លា សង្កាត់ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕