ប្រជាពលរដ្ឋរស់នៅសង្កាត់គងនយ និងសង្កាត់សាក់សំពៅបន្តស្នើអាជ្ញាធរខណ្ឌដង្កោដាក់គោលដៅហាមឃាត់រថយន្តដឹកដី ដឹកខ្សាច់បន្តទៀត
ភ្នំពេញ៖ ដោយសារតែបង្កប៉ះពាល់បរិស្ថានខ្លាំង ក៏ដូចជា ធ្វើឲ្យខូចផ្លូវសាធារណៈ ប្រជាពលរដ្ឋរស់នៅសង្កាត់គងនយ និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ទទូចស្នើរទៅដល់អាជ្ញាធរខណ្ឌដង្កោ មេត្តាបន្តដាក់គោលដៅហាមឃាត់ក្រុមរថយន្តដឹក ដឹកខ្សាច់បន្តទៀត ។
ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា ការស្នើសុំឲ្យអាជ្ញាធរខណ្ឌដង្កោ មេត្តាបន្តដាក់គោលដៅហាមឃាត់ក្រុមរថយន្តដឹក ដឹកខ្សាច់ បែបនេះ ដោយសារតែកន្លងទៅ ខាងអាជ្ញាធរខណ្ឌបានដាក់គោលដៅឃាត់ក្រុមរថយន្តដឹក ដឹកខ្សាច់ មិនឲ្យបើកបរឆ្លងកាត់មូលដ្ឋានខណ្ឌដង្កោ ដោយសារតែបង្កផលប៉ះពាល់បរិស្ថាន ជាពិសេសធ្វើឲ្យខូចផ្លូវតែម្តង ។ ដោយឡែកក្លោងទ្វារវត្ត សាក់សំពៅ ក៍ត្រូវបានក្រុមរថយន្តដឹក ដឹកខ្សាច់ ទាំងអស់នេះ បើកបុកបំផ្លាញស្ទើរបាក់ផងដែរ ។
ពលរដ្ឋប្រាប់បន្តថា ប៉ុន្តែក្រោយពីអាជ្ញាធរដកគោលដៅត្រឡប់ទៅវិញ ស្រាប់តែក្រុមរថយន្តដឹក ដឹកខ្សាច់ ទាំងអស់នេះបើកបរវិញដដែល ។ ហេតុដូច្នេះហើយបានជាពួកគាត់ទទូចស្នើរទៅដល់អាជ្ញាធរខណ្ឌដង្កោ មេត្តាបន្តដាក់គោលដៅហាមឃាត់ក្រុមរថយន្តដឹក ដឹកខ្សាច់បន្តទៀត ។
សូមបញ្ជាក់ឲ្យដឹងថា តាមការសង្កេតមើលបច្ចុប្បន្នក្រុមរថយន្តដឹកដី ដឹកខ្សាច់ បើកបរចេញពីរណ្តៅដី ការដ្ឋានបូមខ្សាច់ជាច្រើនទីតាំង នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយបើកបរឆ្លងកាត់សង្កាត់ព្រែកកំពឹស សង្កាត់គងនយ និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ភាគច្រើនមិនគ្របអោយបានល្អនោះទេ ។ ក្រុមរថយន្តដឹកដី ដឹកខ្សាច់ទាំងអស់នេះ ក៍តែងតែបង្កផលប៉ះពាល់ បរិស្ថានទូទៅ ក៏ដូចជាបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងដែរ ដោយសារបើកបរលឿនខ្វះការប្រុងប្រយ័ត្ន ជាពិសេសក្រុមរថយន្តដឹកដី ដឹកខ្សាច់ទាំងអស់នេះ ភាគច្រើន គឺគ្មានស្លាកលេខទៀតផង ។
ចំពោះបញ្ហារឿងក្រុមរថយន្តដឹកដី ដឹកខ្សាច់នេះ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ កាលពីកន្លងទៅ ដោយសារតែទ្រាំមិនបានទៅនិងសកម្មភាពដឹកដីបំផ្លាញផ្លូវសាធារណៈ និងប៉ះពាល់បរិស្ថាន ពួកគាត់ក៏បានប្រតិកម្មសម្រេចចិត្តលើកគ្នាបិទផ្លូវមិនអោយក្រុមរថយន្តដឹកដី ក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀម៉ី និងក្រុមហ៊ុន ៣ទៅ៤ផ្សេងទៀត មិនអោយបើកបរឆ្លងកាត់ក្នុងភូមិរបស់ពួកគាត់បន្តទៀត ។
បាតុភាពផ្ទុះការបិទផ្លូវមិនអោយ រថយន្តដឹកដី ក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀម៉ី និងក្រុមហ៊ុន ៣ទៅ៤ទៀត មិនអោយបើកបរឆ្លងកាត់ក្នុងភូមិរបស់ប្រជាពលរដ្ឋនេះ កើតឡើង កាលពីវេលាម៉ោងប្រមាណ ៩ ព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជុំវិញករណីនេះកាលពីកន្លងទៅមន្ត្រីសាលាសង្កាត់សាក់សំពៅប្រាប់អោយដឹកថា ម្ចាស់ក្រុមហុ៑នធំៗ ដែលមានរថយន្តដឹកដីធ្វើអោយខូចផ្លូវសាធារណៈ និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះ មានចំនួន ២ ក្រុមហ៊ុនធំៗ រួមមាន ក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀម៉ី និងមាន ៣ទៅ ៤ក្រុមហុ៑នផ្សេងទៀតផងដែរ បច្ចុប្បន្នកំពុងបើកបរដឹកដីរថយន្តដឹកដីឆ្លងកាត់មូលដ្ឋានខណ្ឌដង្កោ ។ ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋពិបាករស់នៅណាស់ ដោយសារមួយថ្ងៃៗឃើញរថយន្តដឹកដីជាច្រើនគ្រឿង បានបើកបរឆ្លងកាត់ក្នុងភូមិរបស់ពួកគាត់ក្នុងល្បឿនលឿនៗ បង្កឲ្យដីហុយទ្រលោម ពេលខ្លះហូបបាយស្ទើរមិនកើត ពីព្រោះដីហុយខ្លាំងពេក ។
ដោយសារបញ្ហានេះ ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរខណ្ឌដង្កោ មេត្តាជួយណែនាំក្រុមហុ៑នដឹកដីទាំងអស់នោះ កុំអោយបើកបររថយន្តលឿនៗពេក ហើយត្រូវគ្របអោយបានត្រឹមត្រូវ ជាពិសេស សូមជួយស្រោចទឹកនៅលើដងផ្លូវអោយញឹកញាប់ផង ដើម្បីកុំអោយប៉ះពាល់បរិស្ថានបន្តទៀត ។
បើតាមការបញ្ជាក់ពីពលរដ្ឋប្រាប់អោយដឹងថា នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នកំពុងកើតមានរណ្តៅដី ការដ្ឋានបូមខ្សាច់់ ជាច្រើនកន្លែង កំពុងបើកអាជីវកម្ម ដឹកជញ្ជូន ១ថ្ងៃៗ រាប់សិបឡាន ហើយក៍តែងតែបង្កផលប៉ះពាល់បរិស្ថានយ៉ាងខ្លាំងផងដែរ ទៅដល់មូលដ្ឋានខេត្តកណ្តាលខ្លួនឯងផ្ទាល់ផង រហូតឈានមកដល់ខណ្ឌដង្កោទៀតផង ៕ តារាវុទ្ធី