Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

តុលាការក្រុងភ្នំពេញ ច្រាសចោលព័ត៌មានថា មានការដោះលែងកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់ នៃយោធភូមិភាគទី៣ ដែល​ពាក់​ព័ន្ធរឿងលក់គ្រឿងញៀនជិត១០គីឡូ

(ភ្នំពេញ)៖ បន្ទាប់ពីមានការលេចឮព័ត៌មានចចាមអារ៉ាម ចេញពីខេត្តកំពង់ស្ពឺ ថាមានការ រត់ការដោះលែងជនត្រូវចោទម្នាក់ជាកូន ប្រុសរបស់មន្ត្រីយោធាជាន់ខ្ពស់ នៃ យោធ ភូមិភាគទី៣ ដែលពាក់ព័ន្ធសំណុំរឿងជួញដូរគ្រឿងញៀនជិត១០គីឡូក្រាមនោះ តុលាការ ក្រុងភ្នំពេញ បានប្រាប់ អ្នកសារព័ត៌មាន​ ថាវាជារឿងមិនពិតឡើយ។

លោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃ​ទី២៧ខែមករាឆ្នាំ២០២០ថា ជនត្រូវចោទចំនួន ២នាក់ ដែលត្រូវកម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់​ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត ១០​គីឡូក្រាមនោះ គឺចៅក្រមស៊ើបសួរបាន​សម្រេចចេញដីកាឃុំខ្លួននៅពន្ធនាគារតាម​ច្បាប់ហើយ។

បើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនដែល អ្នក​សារព័ត៌មានទទួលបាន បញ្ជាក់ថា លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ នៃសាលា​ដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ៖ ទី១ឈ្មោះ កែវ សុធា ហៅ ធា ភេទប្រុស អាយុ២៥ឆ្នាំមុខរបរ បើក​បររថយន្ត រស់នៅភូមិជ្រាវ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងទី២ឈ្មោះ គឹម វ៉ា ហៅ វ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី រស់នៅភូមិសំរោង សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន, ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀន ប្រព្រឹត្តនៅចំណុចភូមិសំរោង​ក្រោម សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួត​ពិនិត្យគ្រឿងញៀន។

គួររម្លឹកថា ក្រុមជនត្រូវចោទទាំង ២នាក់ខាង​លើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដោយមានការ​ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដោយមានការសម្រប​សម្រួលរបស់លោក ខាំ សុផារី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

បន្ទាប់ពីក្រុមជនត្រូវចោទទាំង ២នាក់ ត្រូវតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនតាមច្បាប់រួចមក ក៏មានព័ត៌មានចចាមអារ៉ាម លេចឮពីក្រុមគ្រួសាររបស់ជនត្រូវចោទឈ្មោះ កែវ សុធា ហៅ ធា ដែលមានឪពុកជាមន្ត្រីយោធាជាន់ខ្ពស់ នៅយោធភូមិភាគទី៣ នៃ​ខេត្តកំពង់ស្ពឺ ថា តុលាការបានដោះលែងជន​នេះតាំងពីពេលឃាត់ខ្លួនភ្លាមៗមកម្ល៉េះដោយ​សារតែឈ្មោះ កែវ សុធា មិនជាប់ពាក់ព័ន្ធដូចការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនឡើយ។

ប្រភពពីខេត្តកំពង់ស្ពឺ បានបង្ហើបថា លោក​ឧត្តមសេនីយ៍ត្រី គង់ គឿម ជានាយ​ទាហានជាន់ខ្ពស់មួយរូប នៃយោធភូមិភាគ​ទី៣ របស់ខេត្តកំពង់ស្ពឺ និងជាឪពុករបស់ជនត្រូវចោទឈ្មោះ កែវ សុធា ហៅ ធា បាន​ប្រាប់អ្នក​សារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺ ថាកូនប្រុស​របស់លោកត្រូវតុលាការក្រុង​ភ្នំពេញដោះ​លែងវិញតាំងពីថ្ងៃឃាត់ខ្លួនភ្លាម ព្រោះអត់ជាប់ពាក់ព័ន្ធ។

ព្រោះតែព័ត៌មានចចាមអារ៉ាម ខុសពីការពិត​នេះហើយទើប មានបកស្រាយ និងច្រាសចោល ពីសំណាក់មន្ត្រីជាន់ខ្ពស់ នៃសាលា​ដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ៕