បើករថយន្តលឿនមិនប្រយត្ន័បុករបាំងថ្មចែកផ្លូវបាក់៣កង់ រថយន្តក្រឡាប់ផ្ងារជើង
ភ្នំពេញ៖ នារីម្នាក់បើករថយន្តតូយ៉ូតាព្រូស បោះពួយយ៉ាងលឿនសង្ស័យខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើរងការខូចខាតយ៉ាងដំណំ ចំណែករបាំងថ្មបានបាក់អស់ចំនួន៣កង់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AF-2302 បើកបរដោយនារីម្នាក់បានរងរបួសស្រាល ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញនារីម្នាក់បានបើក រថយន្ត មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើង បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូូត មកខាងឆ្វេងដៃបន្តិចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងលាន់ដូចរន្ទះហើយរថយន្តក៏ក្រឡាប់ផ្ងាជើងឡើងលើរងការខូចខាតយ៉ាងដំណំតែម្ដង ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវបានបាក់បែកសរុបចំនួន៣កង់ សំណាងល្អដែលមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕