តុលាការខេត្តកណ្ដាលសម្រេចដាក់គុកនគរបាលស័ក្តិ៣ម្នាក់ រឿងជិះឡានបុក និងវាយពលរដ្ឋស្លូតត្រង់
(កណ្ដាល)៖ លោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី៣១ខែមករា ឆ្នាំ២០២០ ម្សិលមិញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្រ្តីនគរបាលស័ក្តិ៣ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលម្នាក់ ជាបណ្តោះអាសន្នពាក់ព័ន្ធរឿង ជិះឡានបុក និងវាយប្រជារាស្ត្រឲ្យរងរបួសធ្ងន់។
ជនត្រូវចោទមានឈ្មោះ ហែន លីណា អាយុ៣១ឆ្នាំ ទីលំនៅភូមិស្វាយជួ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ឋានន្ដរស័ក្ដិ អនុសេនីយ៍ឯក (ស័ក្ដិ៣) បម្រើការងារនៅការិយាល័យចាត់តាំងបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានតុលាការចោទប្រកាន់ពីបទ ហិង្សាដោយចេតនា និងបទធ្វើឲ្យខូចខាតដោយចេតនា យោងតាមមាត្រា ២១៧ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។
គួររម្លឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ឈានដល់ការប្រើហិង្សាលើពលរដ្ឋ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ នៅចំណុចផ្លូវស្អាងភ្នំ ស្ថិតក្នុងស្រុកស្អាងខេត្តកណ្ដាល។
តាមរយៈវីដេអូ ដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាព មន្ដ្រីនគរបាលបង្កខាងលើបើករថយន្ដម៉ាកHonda CRV ពណ៌ទឹកប្រាក់។ ដោយឡែក រថយន្ដរបស់ជនរងគ្រោះម៉ាក LexusRX330ពាក់ផ្លាកលេខភ្នំពេញ2AX-9631។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអះអាងថា ដំបូងឡើងគេឃើញរថយន្ដរបស់ជនរងគ្រោះបានពីមុនរថយន្ដមន្ដ្រីនគរបាល លុះដល់កន្លែងកើតហេតុ ស្រាប់តែមន្ដ្រីនគរបាលបើករថយន្ដវ៉ាកាក់ពីមុនរថយន្ដជនរងគ្រោះដើម្បីឲ្យឈប់។ ពេលនេះមន្ដ្រីនគរបាលខាងលើ បានថយរថយន្ដមកបុករថយន្ដជនរងគ្រោះ និងចុះពីលើរថយន្ដវាយទាំងកម្រោលមកលើជនរងគ្រោះតែម្ដង ទើបបង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ។
បើតាមប្រភពព័ត៌មាន ក្រោយបង្កហេតុភាគីទាំងសងខាង ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសួរនាំ ប៉ុន្ដែនៅពេលទៅដល់កន្លែងសមត្ថកិច្ច មន្ដ្រីនគរបាលបង្កហាក់មិនព្រមសហការនោះទេ ហើយថែមទាំងបង្កហិង្សាមកលើសាច់ញាតិរបស់ជនរងគ្រោះបន្ថែមទៀតផង។
យ៉ាងណាមិញ សម្រាប់សកម្មភាពទាំងអស់នេះ ត្រូវបានជនរងគ្រោះសម្រេចដាក់ពាក្យបណ្ដឹងចំនួន ២ករណីតែម្ដង ដោយទី១៖ បណ្ដឹងរឿងគ្រោះថ្នាក់ចរាចរណ៍ និងទី២៖ បណ្ដឹងរឿងបង្កហិង្សា៕