បុគ្គលិក ហាងនំបុ័ង(ទីចាន់ថា)ម្នាក់សង្ស័យមានវិបត្តិគ្រួសារតូចចិត្តលោតពីលើផ្ទះជាន់ទី២ស្លាប់
ភ្នំពេញ៖ បុរសម្នាក់សង្ស័យមានវិបត្តិគ្រួសារលែងលះជាមួយនិងប្រពន្ធ តូចចិត្តលោតពីលើផ្ទះជាន់ទី២សម្លាប់ខ្លួន
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចផ្ទះ សិប្បកម្មធ្វើនំបុ័ង យីហោ(ទី ចាន់ថា) តាមបណ្ដោយផ្លូវលំក្រុមទី១៣ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកម្មករដែលធ្វើការនៅជាមួយគ្នាបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះជាមនុស្សស្លូតបូតមិនសូវនិយាយស្ដីអ្វីនោះទេ! ហើយជនរងគ្រោះបានលែងលះជាមួយប្រពន្ធយូហើយតែនៅមិនទាន់បានផ្ដិតមេដាយ ។
ប្រភពដដែលបានបន្តថា កាលពីអំឡុងថ្ងៃចូលឆ្នាំចិនកន្លងផុងទៅថ្មីៗនេះ ថៅកែ ហាងនំបុ័ង បានអោយកម្មករឈប់សម្រាកការងារពេលនោះជនរងគ្រោះបានទៅលេងស្រុកកំណើតផឹកសុីស្រវឹងព្រឺៗ ហើយបានជួបនិងប្រពន្ធ ក៏ស្ទុះទៅអោបពីក្រោយ ភ្លាមៗនោះប្រពន្ធបានទះមួយកំផ្លៀងហើយប្រាប់ថា យើងលែងគ្នាហើយកុំស្និតស្នាលទៀតអី ។
ប្រភពបានបន្ថែមទៀតថា បន្ទាប់មកបុរសរងគ្រោះបានមកភ្នំពេញធ្វើការវិញតែហាក់មានសភាពស្រងូតស្រងាត់គិតច្រើន ព្រោះដឹងថាជិតដល់ថ្ងៃឡើងតុលាការផ្ដិតមេដាយ លែងជាមួយប្រពន្ធ ហើយនៅយប់ថ្ងៃទី០២ខែកម្ភៈវេលាម៉ោងប្រហែល០៨កន្លះយប់ជនរងគ្រោះរកលោតពីលើផ្ទះម្ដងហើយតែត្រូវបានអ្នកធ្វើការជាមួយចាប់ទាន់ លុះវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃទី០៣ខែឆ្នាំដដែលក៏បានលោតពីលើផ្ទះជាន់ទី២ ទៀតបណ្ដាលឲ្យធ្លាក់មកក្រោមរងរបួសធ្ងន់ធ្ងរ ភ្លាមៗត្រូវបានថៅកែ និងអ្នកធ្វើការជាមួយដឹងយកទៅពេទ្យ សង្គ្រោះនៅអង្អែកមានជ័យ តែដោយសាររបួសធ្ងន់ពេកក៏បញ្ជួនបន្តទៅមន្ទីរពេទ្យរុស្សុី តែជាអកុសល ពេលទៅដល់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
លុះដល់វេលាម៉ោង៦និង៣០នាទីព្រឹកខែឆ្នាំដដែលទើបម្ចាស់ផ្ទះបានយករាយការណ៍មកនគរបាលប៉ុស្តិ៍ច្បារអំពៅទី១ ហើយសមត្ថកិច្ចប៉ុស្តិ៍ក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ នៃស្នងការនគរបាល រាជធានីភ្នំពេញដើម្បីមកពិនិត្យនិងធ្វើកំណត់ហេតុ រួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើផ្ទះពិតប្រាកដមែន មិនជាប់ពាក់ព័ន្ធករណីឃាតកម្មអ្វីនោះទេ ។
សពជនរងគ្រោះមានឈ្មោះ ពេជ្រ គឹមហុង អាយុ៣២ ឆ្នាំមុខរបរបុគ្គលិកលក់នំប៉័ងស្នាក់នៅកន្លែងកើតហេតុនិងមានស្រុកកំណើតនៅភូមិអង្គ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្រោយពីសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យរួចបានធ្វើកំណត់ហេតុប្រគល់សពបុរសរងគ្រោះជួនអោយទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕