ប្រពន្ធដឹកដៃកូនតាមទាន់ប្ដីលួចរៀបការជាមួយប្រពន្ធថ្មី ផ្អើលពេញរោងការទាំងព្រឹក
កណ្តាល៖ ស្ត្រីម្នាក់បានដឹកដៃកូនប្រុសដើរមកមើលលោកប្ដីលួចចូលរោងការផ្ទឹមជាមួយនិងប្រពន្ធថ្មី ខណៈមិនទាន់ដោះស្រាយបំណុលដែលជំពាក់រួមគ្នារួច
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០ នៅ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
បើតាមសម្ដីស្ត្រី ឈ្មោះ ហុក ស្រីណុច អាយុ២៧ឆ្នាំ បានរៀបរាប់និងអះអាងថា៖ ខ្លួនជាភរិយា ដែលបានរៀបការតាមប្រពៃណីស្រប ជាមួយនិងប្ដីឈ្មោះ លី ច្រាយ អាយុ២៩ឆ្នាំ និងបានរួមរស់ជាមួយតាំងពីអំឡុងឆ្នាំ២០១១ ហើយបានកូនប្រុសមួយជាចំណងដៃទៀតផង លុះក្រោយមកក៏មានរឿងរកាំរកូស ហាក់មិនចុះសម្រុងនឹងគ្នា ឈានដល់មានការស្ម័គ្រចិត្តលែងលះតាមផ្លូវតុលាការ ប៉ុន្តែក្រោយមកក៏បានត្រូវរ៉ូវមករួមរស់ជាមួយគ្នាជាប្តីប្រពន្ធធម្មតាឡើងវិញ តែមិនបានទៅដក ឬលុបចោលសាលក្រមនៅតុលាការនោះទេ។
ស្ត្រីជាប្រពន្ធដើមបានបន្តថា ក្រោយមកខ្លួនក៏បានទទួលដំណឹងថា បុរសជាប្តីបានស្នើសុំសំបុត្ររៀបអាពាហ៍ពិពាហ៍ជាមួយប្រពន្ធថ្មី ដោយទៅប្រាប់ចៅសង្កាត់ថាខ្លួនជាបុរសពោះម៉ាយ ទើបខាងមន្ត្រីអត្រានុកូលដ្ឋានបានបញ្ជាក់ថា នៅពោះម៉ាយ ដើម្បីមានសិទ្ធ រៀបការ។
លុះព្រឹកថ្ងៃទី៦ខែកុម្ភៈនេះស្ត្រីជាប្រពន្ធដើមបានដឹកដៃកូនប្រុសអាយុ៦ឆ្នាំមកដល់រោងការ របស់ប្ដី ទើបបង្កការភ្ញាក់ផ្អើលដល់សាច់ញាតិកូនក្រមុំ និងអ្នកស្រុកភូមិព្រមទាំង អាជ្ញាធរមកដល់រោងការ ជួយអន្តរាគមន៍ ទប់ស្កាត់ខ្លាចមានអំពើហិង្សាកើតឡើងតែខាងកូនកម្លោះមិនចេញមុខដោះស្រាយនោះទេ។
ចំណែកភាគីខាងប្រពន្ធមុនចង់អោយខាងប្តីចេញមកសម្របសម្រួលគ្នា ដោយស្រាយចំពោះបំណុលខ្ចីរួមគ្នាមានចំនួនទឹកប្រាក់ជាច្រើនលានរៀល និងលុយដុល្លារជាង២ម៉ឺនដុល្លារ ទៀតដែលបានរកស៊ីនិងជំពាក់គេរួមគ្នាទិញលក់ត្រីកន្លងមក។
ស្ត្រីជាប្រពន្ធដើមបានបន្តទៀតថា បើជ្រុលជាឈានដល់ការចែកផ្លូវគ្នាជាលើកទី២ទៅហើយ វាជាទឹកបាក់ទំនប់ មិនជាប់ នោះទេអញ្ចឹងសូមត្រឹមតែលោកប្ដីចេញមុខទទួលខុសត្រូវរឿងប្រាក់បំណុលខ្ចីរួមគ្នាក្នុងមុខរបរទិញនិងលក់ត្រីអោយដាច់ស្រាច សិនហើយរៀបការចុះ ធ្វើម្ដេចបើនិស្ស័យអូននិងបងជាតិនេះបានជួបគ្នាតែត្រឹមហ្នឹង ៕