ភ្ញាក់ផ្អើលដល់អាជីវករផ្សារស្ទឹងមានជ័យថ្មី និងអ្នកដំណើរទាំងព្រឹក ខណៈបុរសវ័យចំណាស់ម្នាក់សង្ស័យខ្យល់(គ)ដេកស្លាប់នៅចិញ្ចើមផ្លូវ
ភ្នំពេញ ៖ មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើង នាវេលាម៉ោង ០៨ព្រឹក ថ្ងៃ០៨ ខែកុម្ភ: ឆ្នាំ២០២០ ដោយបុរសវ័យចំណាស់ម្នាក់បានដើរមកដេកមុខផ្សារស្ទឹងមានជ័យថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ក៏ស្រាប់តែខ្យល់គរស្លាប់ ។
សពបុរសជនរងគ្រោះខាងលើពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយរូបគាត់ជាជនសតិមិនល្អ ស្នាក់នៅមិនពិតប្រាកដ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ នាវេលាម៉ោងប្រមាណ៤ទាបភ្លឺ គេបានឃើញជនរងគ្រោះដើរមកដេកត្រង់ចំណុចកើតហេតុ រហូតដល់ម៉ោង៨ព្រឹកថ្ងៃដដែល ស្រាប់តែឃើញគាត់ចេញពពុះតាមមាត់និងមិនកំរើក ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅមន្ត្រីជំនាញខាងកោសល្យវិច្ឆ័យឲ្យមកត្រួតពិនិត្យ ទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង(ខ្យល់គរ)ពិតប្រាកដមែន ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានដឹកយកទៅវត្តស្ទឹងមានជ័យ ដើម្បីបូជាតាមប្រពៃណី ៕