Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

រថយន្ដបែនដឹកដី បុកនិងកិនបុរសម្នាក់​ស្លាប់យ៉ាងអាណោចអធម៌នៅផ្លូវ៥០ម៉ែត្រ​ បង្កការ​ភ័យខ្លាចដល់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់

ភ្នំពេញ៖ អាសូរបុរសម្នាក់ត្រូវរថយន្តបែនដឹក ដីបុករួចកិនបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត​ភ្លាម​ៗនៅនឹងកន្លែងគួរឲ្យសង្វេក​
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់យក​ជីវិតជនរងគ្រោះនេះបានកើតឡើងកាលពី​វេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី១០ ខែ​កុម្ភៈឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវ៥០​ម៉ែត្រ​ត្រង់ចំណុចភូមិអន្លង់គង់ចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

សពជនរងគ្រោះមានឈ្មោះ ទៀវ សំណាង ភេទប្រុសអាយុ២៥ ឆ្នំមុខរបរ កម្មករសំណង ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មាន ស្រុកកំណើត ភូមិថ្មី ឃុំចំបក ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1F-4773 បើកម្នាក់ ឯងតាម​បណ្ដោយផ្លូវ៥០ម៉ែត្រ​ ទិសដៅពីត្បូងទៅជើង ខណៈមក ដល់ចំណុចកើតហេតុក៏ត្រូវរថយន្ដបែន ដឹកដីបើកបរស្របទិសគ្នា ក្នុងល្បឿនលឿន​ លុះមកដល់កន្លែងកើតហេតុ​បាន​បត់​ស្ដាំមិនប្រយត្ន័ជ្រុលទៅ​បុកម៉ូតូ​ ជន​រងគ្រោះពីក្រោយបណ្ដាលឲ្យដួលរួចកិន​ស្លាប់ភ្លាមៗតែម្ដង​ ។
ប្រភពបន្តថា​ បន្ទាប់ពីបង្កហេតុភ្លាមៗ​ដឹងថា​ជនរងគ្រោះ​ តៃកុងរថយន្ដ​ បានរត់គេចខ្លួន​បាត់ស្រមោលបន្សល់ទុកនៅតែរថយន្ដ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចរាចរណ៍ខណ្ឌដង្កោ បានចុះមករួចទាក់ទង​ទៅ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មក​ធ្វើការវាស់វែងអូសរថយន្ដ និង ម៉ូតូទៅរក្សា​ទុកដើម្បីកសាងសំណុំរឿងចាត់ការបន្ត​តាម​និតិវិធីច្បាប់​ ។ ចំណែកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

មហាជនបានលើកឡើងថា​ បញ្ហា​រថយន្តដឹក​ដី​ របស់ក្រុមហ៊ុននិយាយដែលបើកឆ្លងកាត់​ឬ​តាមបណ្ដោយផ្លូវ៥០ម៉ែត្រនិង៦០ម៉ែត្រ​ បើក​លឿនៗ​ ខ្វះការប្រុងប្រយត្ន័ ហើយរថយន្តដឹកដីទាំងនោះខ្លះគ្មានស្លាក​លេខនោះទេ​ មិនតែប៉ុណ្ណោះ​ តែងតែបង្កគ្រោះដល់អាយុជីវិត​ប្រជាពលរដ្ឋជាញឹក​ញាប់​ ។
ដូច្នេះហើយប្រជាពលរដ្ឋបានសូមណូមពរ​យ៉ាងទទួចដល់អាជ្ញាធរ​ ខណ្ឌដង្កោមេត្តា​ក្រឡេកមើលក្រុមរថយន្តដឹកដីទាំងនោះផង​ដើម្បី​ធានាសុវត្ថិភាពពលរដ្ឋ​ដែលធ្វើដំណើរ​តាមផ្លូវសារធាណៈរួមគ្នា​ កុំអោយក្រុម​ តៃកុង​ សុីឈ្នួលគេ​ អាងអីបុកហើយរត់​ ទុកអោយអ្នករងគ្រោះវេទនា៕