វីឡាបុរាណសម័យអាណានិគមបារាំងនៅភ្នំពេញ ត្រូវបានកែកុនឱ្យស្អាតឡើងវិញ
សណ្ឋាគារលំដាប់ផ្កាយប្រាំ ហាយ៉ាត់ រីជិស៊ី ភ្នំពេញ ដែលនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី៣ឆ្នាំ២០២០ខាងមុខនេះ បានចូលរួមចំណែកយ៉ាងសំខាន់មួយក្នុងការអភិរក្សសំណង់អគារបេតិកភណ្ឌសម័យអាណានិគមបារាំង។
សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលស្ថិតនៅចំកណ្តាលសង្កាត់ពាណិជ្ជកម្ម វប្បធម៌និងប្រវត្តិសាស្ត្រនៃខណ្ឌដូនពេញ បានអភិរក្សវីឡាសម័យអាណានិគមបារាំងនៅចំកណ្តាលសណ្ឋាគារ ដែលវីឡានេះត្រូវបានកែលម្អឡើងវិញ ដើម្បីរក្សានូវភាពរឹងមាំរបស់សំណង់ ប៉ុន្តែរក្សាទម្រង់ និងរចនាបថដើមទាំងស្រុង។
វីឡានៅជិតសាលារចនានេះត្រូវបានគេជឿថា សាងសង់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩០០ ដែលអាចជាកម្មសិទ្ធិខ្សែរាជ្យវង្ស ឬមន្ត្រីរាជការជាន់ខ្ពស់ ដែលបម្រើការងារក្នុងព្រះបរមរាជវាំង ពីព្រោះនៅសម័យនោះមានតែខ្សែរាជ្យវង្សឬមន្ត្រីរាជការជាន់ខ្ពស់ទេដែលរស់នៅក្នុងតំបន់បរិវេណនោះ។
ការអភិរក្សវីឡាសម័យអាណានិគមបារាំងនៅចំកណ្តាលសណ្ឋាគារនេះ មានគោលបំណងរក្សាប្រវត្តិនៃការវិវឌ្ឍរបស់សំណង់ស្ថាបត្យកម្មរបស់កម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរ លើកកម្ពស់តម្លៃស្ថាបត្យកម្មកម្ពុជា និងចូលរួមចំណែកអភិរក្សសំណង់នាសម័យអាណានិគមបារាំង។
មួយវិញទៀត ការអភិរក្សអគារសម័យអាណានិគមបារាំងរបស់សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាផ្នែកមួយនៃរក្សាអត្តសញ្ញាណរបស់តំបន់នេះផងដែរ ដោយសារអគារសណ្ឋាគារបានផុសត្រដែតឡើងនៅក្នុងតំបន់ពាណិជ្ជកម្ម សារមន្ទីរជាតិ ព្រះបរមរាជវាំង សាកលវិទ្យាល័យភូមិន្ទវិចត្រសិល្បៈ វត្តអារាម និងទន្លេចតុមុខ ដែលមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប៕