ឃ្លាំងផ្ទុកសម្ភារៈសំណង់មួយកន្លែងត្រូវអគ្គីភ័យឆាបឆេះបំផ្លាញទ្រព្យសម្បត្តិមួយចំនួនធំ
ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះឃ្លាំងស្តុបសម្ភារៈសំណង់មួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការ ភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍ បាញ់ពន្លត់
ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលំភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងដែលស្តុបសម្ភារៈបន្ទាប់មកមានជាអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់បុគ្គលិក និងកម្មករ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទំនាក់ទំនងហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿងទប់ស្កាត់មិនឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍ពន្លត់អគ្គីភ័យខាងលើ កម្លាំងជំនាញបានប្រើប្រាស់រថយន្តអគ្គីភ័យចំនួន០៨គ្រឿងអន្តរាគមន៍បាញ់ពន្លត់រហូតដល់ម៉ោង០៩និង៣០នាទីយប់ថ្ងៃដដែលទើបរលត់ទៅវិញទាំងស្រុង ដោយពុំមានអ្នករងរបួសនោះទេគ្រាន់តែខូចខាតអស់សម្ភារៈសំណង់មួយចំនួនធំ ។
ចំពោះករណីគ្រោះអគ្គីភ័យនេះសមត្ថកិច្ចបានសន្និដ្ឋានថា អាចមកពីឆ្លងចរន្តអគ្គិសនី ទើបបណ្ដាលឲ្យឆាបឆេះ តែទោះជាយ៉ាងណាសមត្ថកិច្ចជំនាញនិងធ្វើការស្រាវជ្រាវបន្តទៀត៕