Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ប្រទះសពស្ដ្រីម្នាក់ស្លាប់ក្នុងភ្នក់ភ្លើង ក្នុង​ករណីគ្រោះអគ្គីភ័យនៅខណ្ឌឫស្សីកែវ​ ខណៈរបាយការណ៍របស់សមត្ថកិច្ចគ្មានអ្នក​ស្លាប់

ភ្នំពេញ៖ មានការភ្ញាក់ផ្អើល បន្ទាប់ពីប្រទះ​ឃើញសពស្ត្រីម្នាក់ឆេះស្លាប់យ៉ាងអាណោច​អធម៌ក្នុងភ្នក់ភ្លើងនៅ​សល់​តែឆ្អឹងក្នុងហេតុ​ការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពល​រដ្ឋចំនួន១៥ខ្នងនៅសង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​។
សូមបញ្ជាក់ថា​ ហេតុការណ៍នេះបានកើតឡើ ងកាលពីវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចអតីតផ្លូវ​រថភ្លើងចាស់ ក្នុងក្រុម១ ភូមិបាក់ទូក សង្កាត់​ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុ​មានឈ្មោះ​ សន រដ្ឋា ភេទប្រុស​ មុខរបរ មន្រ្តី​យោធា​ ប្រភេទសំណង់ឈើប្រក់សង័្កសី ទំហំ ៥ម៉ែត្រ គុណ២២ម៉ែត្រ​ ត្រូវភ្លើងឆេះអស់ទាំងស្រុង និង​ឆេះ​រាល​ដាល​ដល់​ផ្ទះ​ចំនួន​ ១៥ខ្នងផ្ទះ​ទៀតផងដែរ ដែលនៅជាប់ៗគ្នា។

បើតាមប្រភពពីសាក្សីបានប្រាប់ឲ្យដឹងថា ដោយមានករណីគ្រោះអគ្គីភ័យនេះកើត​ឡើងគេឮសូរសម្លេងផ្ទុះយ៉ាងខ្លាំងរួចក៏បង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោ សន្ធៅ រហូត​រាលដាលដល់ផ្ទះជិតខាងតែម្ដង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ ដឹងថា សពស្ដ្រីដែលស្លាប់នៅក្នុងភ្នក់ភ្លើងមាន​ឈ្មោះ ស្រីមុំ អាយុ៣៥ឆ្នាំ ដោយគេស្គាល់ថា ជាអ្នករកសុីផ្លូវភេទ។

ប្រភពដដែលបានបន្ដថា បន្ទាប់ពីនគរបាលជំនាញបង្ការ និង ពន្លត់គ្រោះអគ្គិភ័យគ្រប់​គ្រងស្ថានភាពបានជាស្ថាពរហើយនោះគ្មានអ្នកណាដឹងថា មានមនុស្សត្រូវបានស្លាប់នៅ​ក្នុងភ្លើងនោះទេ សូម្បីតែរបាយការណ៍​របស់​សមត្ថកិច្ចក៏គ្មានដែរ​ ទើបនឹងរកឃើញសព ខណៈម្ចាស់ផ្ទះជួលរើសង្ក័សី ។

ក្នុងប្រតិបត្ដិការពន្លត់គ្រោះអគ្គីភ័យនគរបាលជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប ៤៣គ្រឿងនិងប្រើប្រាស់អស់ទឹកសរុប ៤៣គ្រឿង ទើបអាចគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង១០នឹង ៣០នាទីព្រឹកថ្ងៃដដែល ។

សូមជម្រាបថា អគ្គីភ័យធ្លាប់ឆាបឆេះផ្ទះប្រជាពលរដ្ឋក្បែផ្លូវរថភ្លើងម្ដងរួចមកហើយ ដោយ​សង់ពីឈើប្រក់ស័ង្កសី១៥ខ្នង ប្រមាណជា ១៦៥បន្ទប់ស្មើ១៦៥គ្រួសារ ត្រូវអគ្គិភ័យឆាប​ឆេះអស់ទាំងស្រុងនិងបណ្ដាលឲ្យមនុស្សរង​រ​បួសធ្ងន់ម្នាក់រហតូដល់ស្លាប់ ។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ​ទី៦ខែមករាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្រុមទី០១ ភូមិបាក់ទូក សង្កាត់​ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ៕