ភ្ញាក់ផ្អើលជនជាតិបរទេសម្នាក់ដើរដួលដាច់ផ្ងារស្លាប់ភ្លាមៗនៅចិញ្ចើមផ្លូវ
ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់បានដើរដួលស្លាប់បាត់បង់ជីវិត នៅនិងចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨និង ១០នាទីយប់ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០ នៅត្រង់ចំណុចមុខហាងលក់វត្ថុសិល្បះ តាមបណ្តោយផ្លូវលេខ១៩ កែងនឹងផ្លូវ លេខ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះដែលជាជនជាតិបរទេសនោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេជាជនជាតិស្បែកស ។
បើតាមសាក្សីដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនដំបូងគេឃើញជនរងគ្រោះដើរតាម បណ្ដោយផ្លូវលេខ១៩ ទិសដៅពីជើងមកត្បូង ខណៈដើរមកដល់កែង នឹងផ្លូវលេខ១៧៨ក៏បានដួលផ្ងារក្រោយដោយមិនដឹងមូលហេតុបណ្ដាលឲ្យដាច់ខ្យល់ស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង។
ប្រភពបានបន្តថា ភ្លាមៗនោះក៏មានអ្នករត់ម៉ូតូកង់បីលើកជនរងគ្រោះយកមកដាក់លើចិញ្ចើមផ្លូវហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកនៅកន្លែងកើតហេតុនិងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យពិនិត្យទៅលើសពជនរងគ្រោះ។
ក្រោយសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសារដួលដាច់សរសៃឈាមនិងបានធ្វើកំណត់ហេតុប្រគល់អោយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យរងចាំ ស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕