Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

នគរបាលបញ្ជួនខ្លួនក្រុមអ្នកលួចដីលោក ភឺន ផល្លា លក់មកសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់

ភ្នំពេញ ៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ ឃាត់ខ្លួនអ្នកលួចលក់ដីលោក ភឺន ផល្លា ចំនួន​៣នាក់ នៅភូមិសំរោងខាងត្បូង សង្កាត់​សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពីមន្ដ្រីនគរបាល នាយក​ដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​៣​នាក់​ ដែលពាក់ព័ន្ធនឹងការឃុបឃិតគ្នាយកដីលោក​ ភឺន​ ផល្លា​ ទំហំ​ជាង​២​ហិកតា​ លក់​នៅ​ភូមិ​សំរោង​ខាងត្បូង​ សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ រាជ​ធានី​ភ្នំពេញ​ ត្រូវ​បាន​នគរបាល​ នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ ឃាត់ខ្លួនបានជា​បន្តបន្ទាប់នៅថ្ងៃទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​។

សមត្ថកិច្ច​ បន្តថានៅរសៀលថ្ងៃទី២៩ខែកុម្ភៈ​ឆ្នាំ២០២០នេះ​ ជនសង្ស័យទាំង​៣​នាក់ខាងលេីត្រូវបានបញ្ជួនទៅកាន់​ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដេីម្បី​ចាត់ការ​បន្តតាមច្បាប់​ ។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ទាំង​៣​នាក់ខាងលេី​បានយកដីលោក​ ភឺន​ ផល្លា​ លក់ទៅអោយឈ្មោះ​ យស​ ម៉ាលីណា​ ដោយធ្វើ​តាមបញ្ជារបស់​ឯកឧត្ដម​ អនុរដ្ឋលេខាធិការ​ ក្រសួង​មហាផ្ទៃ​ម្នាក់​ (សុំមិនបញ្ចេញឈ្មោះ)។

លោក​ ភឺន​ ផល្លា​ ជាម្ចាស់​ដី​បានសំណូមពរ​ឲ្យតុលាការចាត់ការជនពាក់ព័ន្ធទាំងអស់តាមផ្លូវច្បាប់​ និងសុំយកដីជាកម្មសិទ្ធិរបស់លោកទំហំជាង​២ហិកតា​ត្រលប់មកវិញ​។

ក្នុងរឿងនេះមានលោកជំទាវ​តំណាង​រាស្ត្រ​ម្នាក់​នៅពីក្រោយ​ខ្នងអ្នកទិញ​។ ទោះបីដឹងថាខ្លួនទិញដីពីជនសង្ស័យហេីយក៏ដោយក៏​មិន​ព្រមប្រគល់ដីអោយម្ចាស់គេវិញដែរ​ ថែម​ទាំង​ទៅធ្វេីរបងព័ទ្ធយកថែមទៀតផង​។

គួរបញ្ជាក់ថា​ ៖ បន្ទាប់​ពី​បែកធ្លាយ​រឿងលួច​លក់ដីទំហំជាង​ ២​ ហិកតា​ របស់​លោក​ ភឺន​ ផល្លា​ អាជ្ញាធរ​ភូមិ​ សង្កាត់​ បាន​ប្រកាស​លប់ចោល​លិខិត​ផ្ទេរ​សិទ្ធិ​ ដែលក្រុមជនសង្ស័យលួចលក់អោយទៅឈ្មោះ​ យស​ ម៉ាលីណា​ វិញ​ហើយ​ ។

ពេល​នេះអ្នកលួចលក់ដីគេត្រូវសមត្ថកិច្ចចាប់​ខ្លួន អ្នកនៅពីក្រោយខ្នងជនសង្ស័យក៏ស្គាល់ អ្នកទិញដីពីជនសង្ស័យក៏ស្គាល់ អ្នកនៅពី​ក្រោយខ្នងអ្នកទិញដីក៏ស្គាល់​ តេីច្បាប់នឹងចាត់ការអ្នកពាក់ព័ន្ធបែបណា​?​ ៕